រដ្ឋមន្ត្រីវប្បធម៌អាស៊ានពិភាក្សារកច្រក ដើម្បីលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្ត្រីវប្បធម៌អាស៊ានពិភាក្សារកច្រកដើម្បីលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាននៅកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១០នាថ្ងៃទី២៧ខែតុលា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ៖ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ក្រោយ​បរិបទការរីករាលដាលនៃជំងឺកូវី-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ។

ប្រទេសឡាវក្នុងតួនាទីជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ានបានបន្តដឹកនាំកិច្ចប្រជុំពេញ អង្គថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ នេះខណៈដែលភាគីកម្ពុជា មានលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ អ្នកស្រី Suanesavanh VIGNAKET ក្នុងនាមប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១០ បានថ្លែងថា៖« វប្បធម៌ និងសិល្បៈ គឺជាវិស័យដ៏សំខាន់មួយ ក្រោមសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៃសមិទ្ធិផលគន្លឹះ និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ឡាវក្រោយបរិបទការរាតត្បាតនៃជំងឺកូវីដ-១៩»។

អ្នកស្រីបានលើកឡើងបន្ថែមថាវិស័យវប្បធម៌និងសិល្បៈ នឹងឆ្ពោះទៅមុខកាន់​តែសកម្ម ឈានទៅរកការសម្រេចបាននូវផែនការយុទ្ធសាស្រ្តអាស៊ានសម្រាប់វប្បធម៌ និងសិល្បៈ ឆ្នាំ២០១៦-២០២៥និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ រួមទាំងការប្តេជ្ញាចិត្តរបស់អាស៊ានដែលពាក់ព័ន្ធជាមួយវប្បធម៌ និងសិល្បៈ ដើម្បីបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន រួមមាន អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-សា​ធារណរដ្ឋកូរ៉េ ។

រដ្ឋមន្ត្រីវប្បធម៌អាស៊ាន បានកត់សម្គាល់ថាការរីករាលដាលបានដឹកនាំយ៉ាងរហ័សក្នុងការអនុម័តនៃប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យជាច្រើន ដែលបានបង្កើតទម្រង់ថ្មីនៃសង្គម-វប្បធម៌ និងសេដ្ឋកិច្ច។ រដ្ឋមន្ត្រីវប្បធម៌អាស៊ាន បានចែករំលែកមធ្យោបាយដ៏រឹងមាំក្នុងការប្រមូលផ្តុំវប្បធម៌ និងសិល្បៈ នៅពេលមានការងើបឡើងវិញនៃសេដ្ឋកិច្ចទេសចរណ៍ ក្រោយការរីករាលដាលនៃជំងឺរាតត្បាត។ក្រុមមេដឹកនាំទាំងនោះសន្យាថា នឹងរួមសាមគ្គីគ្នាឲ្យកាន់ រឹងមាំថែមទៀត ដើម្បីពង្រឹងការគាំទ្រដ៏ប្រសើរសម្រាប់ការអភិវឌ្ឍវប្បធម៌ លើកកម្ពស់ចំណេះជំនាញ ទំនៀមទម្លាប់ និងសិប្បកម្មក្នុងស្រុកជាដើម៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner