ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន អ្វីដែលសំខាន់គឺការរក្សាភាពអត់ធ្មត់និងបន្តធ្វើការងារដែលយើងគិតថាត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះនោះទេ គឺដូចនឹងជីវិតរបស់មនុស្សម្នាក់ៗផងដែរ ដែលអាចទទួលរងនូវការរិះគន់តិទៀន ហើយពេលខ្លះក៏ទទួលរងនូវការប្រឌិតរឿងវាយប្រហារមកលើយើងផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ គឺការរក្សាភាពអត់ធ្មត់ ដើម្បីទុកពេលវេលាបន្តធ្វើការងារដែលយើងគិតថាត្រឹមត្រូវ ហើយធ្វើដោយការទទួលខុសត្រូវ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ ដំណើររីកចម្រើនរបស់បុគ្គលម្នាក់ គឺប្រៀបបានទៅនឹងដើមឈើដែលដំាក្នុងផ្ទះបៃតង និងដើមឈើដែលដំាក្នុងបរិយាកាសខាងក្រៅ។ ដើមឈើដែលដំាក្នុងផ្ទះបៃតងអាចមានកម្រិតសុវត្ថិភាពខ្ពស់ព្រោះមិនមានខ្យល់បោកបក់ និងអាចទទួលបាននូវការថែទាំដិតដល់ ហើយឫសកែវនៃដើមឈើនេះក៏អាចលូតលាស់តាមសម្រួល។ ប៉ុន្តែមិនប្រាដកថាអាចមានជីវិតរឹងមាំយូរអង្វែងបានទ្បើយជាពិសេសនៅក្នុងកាលៈទេសៈដែលជួបបញ្ហាធំៗមកប៉ះមកយាយី។ ចំណែកឯដើមឈើដែលដាំក្នុងបរិយាកាសខាងក្រៅ ប្រាកដណាស់គឺតែងបានជួបនូវ ឧបសគ្គ ព្យុះ ភ្លៀង ផ្គរ រន្ទៈជាប្រចាំដែលធ្វើឱ្យឫសកែវធ្វើការយ៉ាងលំបាកវេទនាដើម្បីទប់ទល់ទៅនឹងឧបសគ្គ។ ក្នុងន័យនេះ បញ្ហាលំបាកលំបិននានាក្នុងដែលកើតមានទ្បើងក្នុងជីវិត អាចនឹងជួយជាបំណិនជីវិតសម្រាប់បុគ្គលគ្រប់រូបក្នុងការកសាង និងអភិវឌ្ឍខ្លួន ដោយផ្អែកលើភាពចាស់ទុំ និងបទពិសោធន៍ដែលបានឆ្លងកាត់។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលថ្មីៗ នៅក្នុងវត្តច័ន្ទបុរីវង្សដែលមានអាយុកាលប្រមាណជាង៥០០ឆ្នាំមួយនេះ ហើយក៏ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីប្រកបដោយសទ្ធាជ្រះថ្លាដ៏ថ្លៃថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយរួមជាមួយនឹង សម្តេច ទ្រង់ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ក្នុងការកសាងអភិវឌ្ឍទីអារាមសម្រាប់បម្រើឱ្យសេចក្តីត្រូវការជាក់ស្តែង និងជាកេរដំណែលដល់ជំនាន់ក្រោយៗយូរអង្វែងតទៅ។ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស និងការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី វិស័យសាសនាត្រូវបានលើកតម្កើងតាមរយៈការបង្កលក្ខណៈគ្រប់យ៉ាងដល់ដំណើរគោរពប្រតិបត្តិជំនឿ ប្រកបដោយសិទ្ធសេរីភាពពេញលេញ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាបាននូវសុខុដុមនីយកម្មវិស័យសាសនានៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner