កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មីទៀត ធ្លាក់ចូលសមុទ្រជប៉ុន
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន ស្របពេលគូរប្រជែងកូរ៉េខាងត្បូងកំពុងបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំជិតពីរសប្តាហ៍មកនេះ ដែលមានគោលបំណងទប់ទល់នឹងកូរ៉េខាងជើង។
ការបាញ់សាកល្បងមីស៊ីលបាលិស្ទីគនេះ កើតមានឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបាញ់ព្រមានគ្នាទៅវិញទៅមកនៅតំបន់ឆ្នេរភាគខាងលិច ចំពេលមានភាពតានតឹងខ្លាំងឡើងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជឿជាក់ថា កូរ៉េខាងជើងអាចនឹងបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូងគិតចាប់តាំងពី ឆ្នាំ២០១៧មក។ ទន្ទឹមគ្នា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល ថ្លែងថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈបច្ចេកទេសចាំបាច់ទាំងអស់ហើយ សម្រាប់ការបំផ្ទុះនៅក្រោមដីនៅឯទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri របស់ខ្លួន ដែលត្រូវបានបិទជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៨។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាព្រមានកូរ៉េខាងជើងថា សម្ព័ន្ធមិត្តទាំងបី នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់ មិនធ្លាប់មានពីមុនមកឡើយ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

