គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥
ភ្នំពញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រេះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ។
បើតាមទំព័រហ្វេសប៊ុកឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖
១.គោលបំណង និងដំណើរការរៀបចំ៖
- ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បងនិងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗពោលគឺ ទី១ ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុង យុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
- កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ដែលមានតម្លៃសរុបប្រចាំឆ្នាំប្រមាណ ៣ ០៦៧ដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុបសម្រាប់ការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឱ្យបានស្របតាមស្ថាប័នភាពជាក់ស្ដែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។
- វិធីសាស្រ្តកែសម្រួលត្រូវបានយកមកអនុវត្តក្នុងការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ដែលក្នុងនោះ “គម្រោងកំពុងដំណើរការ” គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្ត ឬមានកិច្ចសហការ និងសម្របសម្រួលជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ និង “គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ឬគម្រោងថ្មី” ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥។
២.ទម្រង់នៃខ្លឹមសាររបស់កម្មវិធីវិនិយោគសាធារណៈ៖
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ចែកជា ៤ជំពូក៖ ជំពូកទី១ សេចក្តីផ្ដើម ជំពូកទី២ ទស្សនវិស័យសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៥ ជំពូកទី៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ និងជំពូកទី៤ សេចក្តីសន្និដ្ឋាន។ ក្រសួងផែនការបានធ្វើការវិភាជវិកាសម្រាប់ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ដោយមានមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
- ការវិភាជសរុបសម្រាប់វិស័យដល់ គម្រោងកំពុងដំណើរការ និងគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ត្រូវមានសង្គតិភាពជាមួយការវិភាជតាមវិស័យដែលមានចែងនៅក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
- អាទិភាពទីមួយគឺការវិភាជថវិកាដែលមានដល់បណ្ដាគម្រោងកំពុងដំណើរការដើម្បីបន្តការអនុវត្ត និងបញ្ចប់ការអនុវត្ត។
- តុល្យភាពថវិកាដែលនៅសល់នឹងត្រូវធ្វើការវិភាជដល់ គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដោយផ្អែកលើ៖
• អាទិភាព នៃគម្រោងដែលកំណត់ដោយក្រសួងស្ថាប័ន
• គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ទាំងឡាយណាដែលជាគម្រោងសម្រាប់អនុវត្តយុទ្ធសាស្ត្រតាមវិស័យរបស់ក្រសួង ស្ថាប័ន ដើម្បីធ្វើឱ្យសម្រេចបានទិសដៅគោលនោយោបាយអាទិភាពនៃយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ និងអាទិភាពដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣
• ព័ត៌មានដែលក្រសួង ស្ថាប័នបានផ្ញើមកក្រសួងផែនការស្ដីពីស្ថានភាពសក្ដានុពលក្នុងការសន្យាផ្ដល់ហិរញ្ញប្បទានដល់ គម្រោងសម្រាប់អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣
• ព័ត៌មានដែលក្រសួង ស្ថាប័នបានផ្ញើមកក្រសួងផែនការស្ដីពីស្ថានភាពសក្តានុពលក្នុងការសន្យាផ្ដល់ហិរញ្ញប្បទានដល់ គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ.
• កិច្ចពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងកែសម្រួលឡើងវិញនូវការសន្យាផ្តល់ថវិកាពីកញ្ចប់ថវិកាជាតិ និងលទ្ធផលនៃកិច្ចពិភាក្សារវាងក្រសួង ស្ថាប័នជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដថវិកាសម្រាប់ក្រសួងស្ថាប័ននីមួយៗ។
ក្នុងចំនួនគម្រោងសរុប ៦៦៣គម្រោង នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ នេះមានចំនួន ១៨៩គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន ៥ ១០៦លានដុលា្លរអាមេរិក និងចំនួន ៤៧៤គម្រោង ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដែលត្រូវការទុនចំនួន ៤ ១១៥លានដុល្លារអាមេរិក។
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ទៅតាមវិស័យដូចបានកំណត់នៅក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៣-២០២៥ រួមមាន៖
- ១៣,៤% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច។
- ៤៣,៦% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។
- ៣៧,៤% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
- ៥,៦% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។
សេចក្តីសន្និដ្ឋាន៖ ដោយឈរលើក្របខ័ណ្ឌទស្សនៈរួមមួយ ដែលកំណត់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាន នៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងអាចធ្វើសេចក្តីសន្និដ្ឋានជារួមបានថា ការធានាឱ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ ដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាធ្វើជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិឱ្យទៅជាការពិតជាក់ស្ដែងគឺជាប្រការចាំបាច់នៅក្នុងដំណើរការ នៃការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។
ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅ នៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួមនិងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើឱ្យកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ក្លាយជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើង មកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ទាមទារឱ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្ដីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួង ស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ៕ ស៊ូ វណ្ណលុក



