ថវិកាជាតិឆ្នាំ២០២៣ រៀបចំឡើងដោយផ្អែកលើគោលការណ៍គ្រឹះជាយុទ្ធសាស្ត្រចំនួន ៥

អត្ថបទដោយ៖
AMS OneMinute

ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍គ្រឹះជាយុទ្ធសាស្ត្រចំនួន ៥រួមមាន៖

គោលការណ៍ទី១៖ ការតម្កល់ “មនុស្ស” ជាអាទិភាពទី១ ដោយផ្តោតលើ៖

(១)-ការបន្ត និងការពង្រីកនូវការអនុវត្តគោលនយោបាយគាំពារសង្គម សំដៅជួយគាំពារជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ និង ពីការឡើងថ្លៃ ទំនិញដោយសារវិបត្តិនៃសង្គ្រាមរវាងរុស្សី និង អ៊ុយក្រែន;
(២)-ការបន្តចំណាយលើការពង្រឹងប្រព័ន្ធសុខាភិបាល និង គុណភាពវិស័យអប់រំ;
(៣)-ការដំឡើងបៀវត្សជូនមន្ត្រីរាជការ ឱ្យខិតទៅកៀកនឹងគោលដៅនៃគោលនយោបាយបៀវត្សអប្បបរមា ដែលត្រូវបានកំណត់កាលពីដើម អាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ និង បង្កើនផលិតភាពការងារ;
(៤)-ការដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ជាពិសេសការកាត់បន្ថយគម្លាត ប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មី និង
(៥)-ការពង្រឹងប្រសិទ្ធភាពនៃការផ្ដល់ សេវាសាធារណៈ ដោយឈរលើគោលការណ៍សមធម៌, គុណាធិបតេយ្យ និង ចីរភាពថវិកា, ព្រមទាំងការបន្តបង្កើតការងារជូនប្រជាជន, ពិសេសស្រទាប់យុវជន, ដែលផ្ដល់លទ្ធភាពឱ្យ ទទួលបានប្រាក់ចំណូលសមស្រប ។

គោលការណ៍ទី២៖ ការធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រងបាននូវអតិផរណា និងការធានាស្ថិរភាពនៃអត្រាប្តូរប្រាក់ ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុជាទូទៅ ។

គោលការណ៍ទី៣៖ ការបន្តស្តារ និងទ្រទ្រង់ការរីកចម្រើនមូលដ្ឋានសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមការចង្អុលបង្ហាញក្នុងក្របខ័ណ្ឌ “យុទ្ធសាស្ត្រ និង កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”។

គោលការណ៍ទី៤៖ ការបន្តនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច សំដៅធានាស្ថិរភាពកំណើន គាំទ្រដល់ការស្តារសេដ្ឋកិច្ច និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនតាមការសន្យា ក៏ដូចជាពង្រឹងគ្រឹះក្នុងការកសាងស្ថាប័ន និងសមត្ថភាពនៃវិស័យសាធារណៈ ក្នុងគោលដៅពង្រីកវិសាលភាព និងពង្រឹងគុណភាពនៃសេវាសាធារណៈ និងសេវាយុត្តិធម៌ ព្រមទាំងការបន្តអនុវត្តឱ្យបានជាអតិបរមានូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឆ្នាំ២០២៣ ដែលជាឆ្នាំចុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ។

គោលការណ៍ទី៥៖ ការគិតគូរអំពីគ្រប់ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការឆ្លើយតបទៅនឹងរបៀបវារៈនៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ប្រភពរូបថត៖ AMS & Koeut Chhe

📚 https://www.facebook.com/ams1minute/posts/pfbid0355of8XgyFTGZxicd2EQQGYPCa3WCsZphpaCprCRFxnXak2GP1inzRY2weJv7vePEl

#ams1minute

ads banner