សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបិទ កិច្ចប្រជុំ APPF លើកទី៣០
ថៃ៖សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបិទកិច្ចប្រជុំ វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលសភាប្រទេស ថៃធ្វើជា ម្ចាស់ផ្ទះ ។ពិធីបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឈួន លីកផៃ ប្រធាន រដ្ឋសភា ប្រទេសថៃ និងជាប្រធាន APPF លើកទី៣០។

កិច្ចប្រជុំAPPF លើកទី៣០បានប្រារព្ធក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ” ដោយ បានដំណើរការពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ដែល មាន សមាជិក APPF ចំនួន២២ប្រទេស និងប្រទេសសង្កេតការណ៍ មួយចំនួនទៀតចូលរួម។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះបានដំណើរការកិច្ចប្រជុំគណៈកម្មការសភាស្រ្តី គណៈកម្មការនយោបាយនិងសន្តិសុខ គណៈកម្មការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងគណៈកម្មការកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំសមាជិកសភាវ័យក្មេង ផងដែរ។

ជាលទ្ធផលកិច្ចប្រជុំ APPF លើកទី៣០ បានអនុម័តសេចក្តី សម្រេចចំនួន១១ ពាក់ព័ន្ធនឹងវិស័យការលើកកម្ពស់តូនាទី សភានិងពហុភាគីនិយមនៅក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច សន្តិសុខ អំពើហិង្សានៅក្នុងតំបន់និងសកលលោកដែល កំពុងកើតមានចំពោះពលរដ្ឋ និងបានឯកភាពឱ្យសភា នៃប្រទេស ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបន្ទាប់ នៅឆ្នាំ ២០២៣។

មុនបិទបញ្ចប់កិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រួមនឹងប្រធានគណៈប្រតិភូសភាសមាជិកAPPF ទាំងអស់ បាន អញ្ជើញចុះហត្ថលេខាលើរបាយការណ៍រួមនៃកិច្ចប្រជុំផងដែរ៕ ដោយ ថេត វិចិត្រ ហេង សម្បត្តិ
