អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការរងទទួលផែនជំនាញ អធិការ ប្រធានការិយាល័យ មន្រ្តីពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឯកភាពទាំងស្រុងនូវរបាយការណ៍របស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងបានជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានប្រសាសន៍ថា ការចុះធ្វើសវនកម្មគឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។

ឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍ណែនាំដល់សវនដ្ឋានទាំងអស់ រាល់អនុសាសន៍កែលម្អចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូននៅពេលចុះធ្វើសវនកម្ម ហេីយសវនដ្ឋានត្រូវមានរបាយការណ៍ឆ្លើយតបនឹងលទ្ធផលសម្រចបានក្នុងរយៈពេល ៦ខែ ឬយ៉ាងយូបំផុត ១២ខែ ជូនមកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងវិញ ៕ ដោយ-រ៉ាវុធ

