តើប្រទេសអឺរ៉ុបណាខ្លះរងគ្រោះខ្លាំងជាងគេពីការឡើងថ្លៃថាមពល និងអាហារ?
អឺរ៉ុប៖ អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូកំពុងបន្តឡើងដល់កម្រិតខ្ពស់បំផុត។ តាមការព្យាករចុងក្រោយបង្អស់ អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូប្រចាំឆ្នាំមានចំនួន ៩,៩ភាគរយ ធៀបនឹង ៣,៤ភាគរយ ក្នុងឆ្នាំ ២០២១។ ដោយឡែកបើតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat នៅទូទាំងប្លុកអឺរ៉ុប អតិផរណាប្រចាំឆ្នាំឈានដល់ ១០,៩ភាគរយ ឯណោះ។
តាមការប៉ាន់ប្រមាណក្នុងខែកញ្ញា តម្លៃម្ហូបអាហារ គ្រឿងស្រវឹង និងថ្នាំជក់ ទំនិញឧស្សាហកម្មមិនប្រើថាមពលនិងសេវាកម្មបានកើនឡើងដូចតួលេខនៅក្នុងខែកក្កដានិងសីហាដែលជាពេលមានការព្យាករថា អតិផរណាប្រចាំឆ្នាំនៅតំបន់ចាយប្រាក់អឺរ៉ូមានចំនួន ៨,៩ភាគរយ និង ៩,១ភាគរយ។
អតិផរណានៅចក្រភពអង់គ្លេសបានកើនឡើងដល់កម្រិត១០,១ភាគរយក្នុងខែតុលា។ តួលេខនេះដូចគ្នានឹងចំនួនដែលបានកត់ត្រាក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ។ ការិយាល័យស្ថិតិជាតិអង់គ្លេសបានរាយការណ៍ថាតម្លៃម្ហូបអាហារកំពុងហក់ឡើងខ្ពស់ខ្លាំងមិនធ្លាប់មានក្នុងអត្រាប្រចាំឆ្នាំ ១៤,៦ភាគរយ។
ការប៉ាន់ស្មានក្នុងខែកញ្ញា ពីទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប បង្ហាញថាអតិផរណាថាមពលមានចំនួន ៤០,៧ភាគរយ ធៀបនឹង ៣៨,៦ភាគរយ នៅក្នុងខែសីហា។
បណ្តាប្រទេសបាល់ទិកដែលរួមមាន អេស្តូនី ឡេតូនី និងលីទុយអានី នៅតែបន្តរងគ្រោះខ្លាំងជាងគេ ជាពិសេសអេស្តូនី កំពុងជួបប្រទះអតិផរណាខ្ពស់បំផុតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដោយអតិផរណាកើនឡើងក្នុងអត្រា ៦,៤ភាគរយ ក្នុងខែកញ្ញា ឆ្នាំ២០២១ បើធៀបនឹង ២៤,១ភា ក្នុងខែកញ្ញា ឆ្នាំ២០២២។ អតិផរណានៅឡេតូនី និងលីទុយអានី ក៏បានហក់ឡើងដល់ ២២ភាគរយនិង ២២,៥ភាគរយដែរ។
ចំណែកនៅប្រទេសហូឡង់វិញ ការកើនឡើងខ្លាំងបំផុតនៃថ្លៃមុខទំនិញប្រចាំខែ បានកើតឡើងក្នុងខែកញ្ញាដែលមានចំនួន ១៧,១ភាគរយ កើនពី ១៣,៧ភាគរយ នៅក្នុងខែសីហា។
អតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងពី ៧,៤ភាគរយនៅក្នុងខែមេសា ដោយសារប្រជាជនអឺរ៉ុបនៅតែប្រឈមទៅនឹងការកើនឡើងនៃតម្លៃថាមពល និងតម្លៃអាហារដែលបណ្តាលមួយផ្នែកពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ គ្រប់ជ្រុងនៃទ្វីបអឺរ៉ុបទាំងអស់ កំពុងប្រឈមមុខនឹងការឡើងថ្លៃមុខទំនិញ ដោយហេតុថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលអឺរ៉ុបរំពឹងទុកក្រោយការរីករាលដាលខ្លាំងនៃជំងឺរាតត្បាតកូវីដ ត្រូវបានរារាំងដោយកត្តាមួយចំនួន។
តើអ្វីជាកត្តាដែលនាំឱ្យអត្រាអតិផរណានៅអឺរ៉ុបឡើងខ្ពស់?
អឺរ៉ុប និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក បានរងការវាយប្រហាររួចហើយពីការកើនឡើងតម្លៃថាមពលដែលជាចំណែកធ្វើឲ្យមានអតិផរណា មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈទៅទៀត។
សង្គ្រាមនេះ បានធ្វើឱ្យវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរឡើង ដោយជំរុញឱ្យមានការព្រួយបារម្ភជាសកលតែម្តង ថាវាអាចនាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេង ឬឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី។ កាលពីខែកញ្ញា ទីក្រុងមូស្គូ បាននិយាយថានឹងមិនដំណើរការឡើងវិញទាំងស្រុងនោះទេ នូវការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនទៅកាន់អឺរ៉ុប រហូតទាល់តែបណ្តាប្រទេសលោកខាងលិចដកចេញទណ្ឌកម្មដែលដាក់លើរុស្ស៊ីវិញ។
ប្រទេសរុស្ស៊ី ផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឲ្យបណ្តាប្រទេសអឺរ៉ុបប្រមាណ ៤០ភាគរយនៃតម្រូវការសរុប។
តម្លៃនៃទំនិញជាច្រើនរួមទាំងអាហារផងដែរ បានកើនឡើងមិនធ្លាប់មានចាប់តាំងពីវិធានការបិទខ្ទប់ប្រទេសដើម្បីការពារជំងឺរាតត្បាតកូវីដ១៩ ត្រូវបានដាក់ចេញជាលើកដំបូងកាលពី ២ឆ្នាំមុន។ វិធានការដ៏តឹងរ៉ឹងនេះ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជន ក្នុងការទិញរត់ទៅទំនិញនៅតាមផ្សារទំនើប។
បន្ថែមលើនេះ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយសារតែប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាអ្នកផលិតចំនួនជិត ៣៤ភាគរយ នៃស្រូវសាលី និងស្រូវបាឡេរបស់ពិភពលោក។
ក្រៅពីនេះ ប្រទេសទាំងពីរក៏តំណាងឲ្យ ៦៦ភាគរយ នៃការនាំចេញប្រេងផ្កាឈូករ័ត្នរបស់ពិភពលោកដែលគេប្រើប្រាស់សម្រាប់ចម្អិនអាហារ។ អ៊ុយក្រែន ក៏ជាប្រទេសនាំចេញពោតធំជាងគេលំដាប់ទី៤ របស់ពិភពលោកផងដែរ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Record inflation: Which countries in Europe are being worst hit as energy and food prices soar?