សិក្ខាសាលាស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ជាឱកាសក្នុងការស្រង់មតិ បញ្ហាប្រឈមនានា សម្រាប់ដាក់បញ្ជូលក្នុងសេចក្តីព្រាងច្បាប់ ដើម្បីមានវិសាលភាពគ្របដណ្តប់វិស័យអប់រំកាយ និងកីឡា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បី រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា នាព្រឹកមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការរៀបចំសិក្ខា សាលាពិគ្រោះយោបល់នេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីទទួលបាននូវមតិយោបល់បទពិសោធន៍ នៃការអនុវត្តបញ្ហាប្រឈមនានា សំណូមពរ ដើម្បីគណៈកម្មការយកមកសិក្សាដាក់បញ្ជូលក្នុងសេចក្តីព្រាងច្បាប់នេះ ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីមានវិសាលភាពគ្របដណ្តប់វិស័យអប់រំកាយ និងកីឡា។ ឯកឧត្តមបញ្ជាក់ថា ការហ្វឹកហាត់អប់រំកាយ និងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា ដែលជា ទូទៅការអប់រំកាយ និងកីឡា គឺជាធាតុសំខាន់ នៃការអប់រំពេញមួយជីវិត នៅក្នុងប្រព័ន្ធអប់រំ។ ការអប់រំកាយ និងកីឡាធានាការអភិវឌ្ឍ និងរក្សាការពារកម្លាំងកាយ បញ្ញាស្មារតី និងសីលធម៌របស់មនុស្សលោក។ សមាសភាគមួយនៃវិស័យអប់រំ ដែលមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងពលំមាំមួន និងមានសុខភាពល្អ ជួយកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អ រួមចំណែក កសាង និងការពារជាតិមាតុភូមិ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រោមការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ និងសង្គមកីឡាបានធ្វើឲ្យវិស័យកីឡាជាតិរីកចម្រើនយ៉ាង ឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងបានជួបនូវបញ្ហាខ្លះៗ ក្នុងការគ្រប់គ្រង ដឹកនាំ យន្តការការងារ មិនអាចដំណើរការដោយរលូននោះទេ ដូច្នេះហើយការរៀបចំសិក្ខាសាលារបស់ក្រសួងអប់រំនាពេលនេះ គឺរឿងដ៏សំខាន់ដើម្បីឈានដល់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា៕ម.ន