ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ( គបផក ) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (យូរ៉ូឆាម)
ឯកឧត្តម នាយឧត្តមសេនីយ មៀច សុផាន់ណា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធាន ( គ ជ ផ ក ) ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ARNA Darc ប្រធានសភាពាណិជ្ជកម្មអឺរុឺបប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម Hidehisa Horinouchi អតីត ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក Philippe Baudry ប្រធានបេសកកម្មពាណិជ្ជកម្ម នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំនៅកម្ពុជា EUROCHAM រួមទាំងក្រុមហ៊ុនឯកជន សរុបជាង ២០០រូប បានអញ្ជើញចូលរួមនៅក្នងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំង
ផលិតផលក្លែងក្លាយ និងសភាពាណិជកម្មអឺរ៉ុបនៅកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តការក្នុងការប្រយុទ្ធប្រឆាំងការនាំចូលផលិតផល និងការចែកចាយនូវផលិតផលក្លែងក្លាយនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃ ទី១២ខែកញ្ញា នេះនៅក្រសួងមហាផ្ទៃ។
លោក ARNAUD Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុនឯកជនព្យាយាមនាំចូល និងចែកចាយឱសថដែលមានគុណភាពនៅក្នុងប្រទេសកម្ពុជា បញ្ហារប្រឈមធំបំផុតមួយ គឺវត្តមានឳសថក្លែងក្លាយ ដែលកំពុងគំរាមគំហែងដល់អាយុជីវិត របស់អ្នកជំងឺរាប់ពាន់អ្នក ។ ដូច្នេះអស់រយៈពេល២ ឆ្នាំហើយ យើងបានសហការជាមួយគណៈកម្មាធិការ គ.ប.ផ.ក ក្រសួងសុខាភិបាល និងជាមួយស្ថាប័នដ៏ទៃទៀត ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ។
ឯកឧត្តម នាយឧត្តមសេនីយ មៀច សុផាន់ណា បានមានប្រសាសន៍ថា បញ្ហារឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ការក្សាទុក និងបាត់បង់ប្រសិទ្ធភាពឱសថ បញ្ហារចំណីអាហារខូចគុណភាព ដែលមានផ្ទុកសារធាតុគីមី ការលួចចម្លងផលិតផល ការរំលោភកម្មសិទ្ធិបញ្ញារ ក៏ដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្លែងក្លាយគឺសុទ្ធសឹងជាបញ្ហា ដែលកំពុងកើតមាន និងបានញាំញី គំរាមគំហែងដល់សុខភាព អាយុជីវិតប្រជាជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលតម្រូវឲ្យមានការចាត់វិធានការបង្កើតយន្តការចម្រុះ និងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងសកលលោក និងអនុវត្តឲ្យមានប្រសិទ្ធភាព នៃច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំង និងសកម្មភាពល្មើសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធភាព ដាក់ទោសទណ្ឌដល់ឧក្រិដ្ឋជន ឲ្យបនធ្ងន់ធ្ងរតាមស្ថានទំងន់ទោស ដែលមានចែងក្នុងច្បាប់ ។
ឯកឧត្តមបានបន្តថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាយន្តការ និងពង្រឹងការទទួលខុសត្រូវមួយបន្ថែមទៀត ក្នុងកិច្ចកាពារជាដៃគួរ ក្នុងវិស័យធុរកិច្ចពាណិជ្ចកម្មសម្រាប់ទំនុកចិត្ត និងលំហូរ អ្នកវិនិយោគបរទេស មកកាន់កម្ពុជាពីបណ្ដាប្រទេសនៅអឺរ៉ុប និងបណ្ដាប្រទេសនានាលើសកលលោក ។ កន្លងមក គ ជ ផ ក បានបង្រ្គាបបំផ្លាញចោលនូវផលិតផលក្លែងក្លាយខុសច្បាប់រាប់រយតោន និងចាប់ជនល្មើសមកផ្ដន្ទាទោស ទៅតាមច្បាប់រាប់សិបករណី ។
សូមបញ្ចាក់ផងដែរថា សភាពាណិជ្ចកម្មអឺរ៉ុបនៅកម្ពុជា ( EUROCHAM ) ត្រូវបានសម្ភោធ និងបង្កើតឡើងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១១ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងប្រិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុងជា ដើម្បីសម្រួលដល់ក្រុមហ៊ុនអឺរ៉ុបមកទីផ្សារកម្ពុជា និងបង្កើតបណ្ដាញគាំទ្រឲ្យបានទូលំទូលាយ ក្នុងចំណោមសមាជិកក្រុមហ៊ុនរបស់ខ្លួន ។ បច្ចុប្បន្ន យូរ៉ូឆាម ( EURCHAM ) នៅកម្ពុជាមានក្រុមហ៊ុនជាង ៣៤០ ជាសមាជិក ៕ធ.ដ