មេដឹកនាំរុស្ស៊ី និងតួកគី សន្ទនាគ្នាតាមទូរស័ព្ទរឿងកិច្ចព្រមព្រៀងធញ្ញជាតិ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគី លោក តាយយីប អឺដូហ្គាន់ បានសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃអង្គារទី០១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅ។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន បានអះអាងសារជាថ្មីទៀត ជុំវិញការចោទប្រកាន់របស់រុស្ស៊ីដែលថា អ៊ុយក្រែនបានប្រើប្រាស់ច្រករបៀងមនុស្សធម៌ ដើម្បីធ្វើកូដកម្មលើហេដ្ឋារចនាសម្ព័ន្ធ និងនាវានៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅទីក្រុង សេវ៉ាស្តូប៉ូល (Sevastopol) ជាទីដែលធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃផ្លូវដឹកជញ្ជូន។ បន្ថែមលើនេះ លោក ពូទីន បានអំពាវនាវឱ្យមានការស៊ើបអង្កេតលម្អិតលើការចោទប្រកាន់នេះ និងទាមទារឱ្យមានការធានាពីអ៊ុយក្រែនថា នឹងមិនប្រើប្រាស់ច្រករបៀងមនុស្សធម៌សម្រាប់គោលបំណងយោធា មុនពេលចាប់ផ្តើមបើកកិច្ចពិភាក្សាអំពីការបន្តអនុវត្តតាមកិច្ចព្រមព្រៀង ឬគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
បើតាមលោក ពូទីន ផ្នែកមួយនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានបរាជ័យ ដោយសារការរឹតបន្តឹងលើការនាំចេញផលិតផលកសិកម្ម និងជីរបស់រុស្ស៊ី ទៅកាន់ទីផ្សារពិភពលោកមិនត្រូវបានដកចេញទេ។
ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានកត់សម្គាល់ផងដែរថា ក្នុងអំឡុងពេលបីខែនៃកិច្ចព្រមព្រៀងនេះ ភារកិច្ចធានាការចែកចាយស្បៀងអាហារជាអាទិភាព ដល់ប្រទេសដែលខ្វះខាតបំផុត មិនត្រូវបានបំពេញនោះទេ។ ក្នុងន័យនេះ លោក ពូទីន បានសម្តែងការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការផ្គត់ផ្គង់ក្នុង “បរិមាណដ៏ធំសម្បើម” នៃគ្រាប់ធញ្ញជាតិ និងជីដល់ទ្វីបអាហ្រ្វិកដោយឥតគិតថ្លៃ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

