សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។

វេទិកានេះ បានរៀបចំឡើង ដើម្បីរំលឹកឡើងវិញ នូវដំណើរ នៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់ ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ កំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាសិប ត្រូវបានប្រកាសឱ្យចាប់ផ្តើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានី ភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន ។ ឆ្នាំ២០២២នេះ ជាខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជាជាប្រធានអាស៊ានជាថ្មីម្ដងទៀត ។ ជាការពិត សមាជិកអាស៊ាន និងប្រទេសដៃគូទាំងអស់បានចាយពេលប្រមាណជាង៨ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងភាពស្មុគស្មាញ ដោយមិនខ្លាចនឿយហត់ ក្នុងការចរចាកិច្ចព្រមព្រៀងនេះរហូតសម្រេចបានជោគជ័យដូចបំណង ។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្ត្រី ក្រុមការងារចរចាពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន ដែលបានផ្ដល់ការគាំទ្រ និងសម្របសម្រួលតាំងពីមុនពេលការប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ២០១២ រហូតកិច្ចព្រម ព្រៀងនេះត្រូវបានចុះហត្ថលេខា ដែលបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធំជាងគេលើពិភពលោក ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងតែត្រូវបានហ៊ុមដោយហានិភ័យស្រួចស្រាល់ ដូចជាការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យានានា កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិន អាចប៉ាន់ប្រមាណបាននិងអាចបង្កើតជាភាពស្មុគស្មាញ និង ភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និង សកល សម្រាប់រយៈពេលខ្លី និង មធ្យម ។ និន្នាការពហុប៉ូល ការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍ និងការប្រែប្រួលនៃតុល្យភាពអំណាចសកល និង តំបន់ ព្រមទាំងការកើនឡើងនូវនិន្នាការគាំពារ និយម ក៏បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ចរន្តសកលភាវូបនីយកម្ម និង ពហុភាគីនិយមផ្អែកលើ វិធានច្បាប់ផងដែរ ។

ក្នុងបរិបទនេះ អាសិប ជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការ ប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើ គោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និង រក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា ។

ជាងនេះទៅទៀត អាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗ ដូចជា ការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលូបនីយកម្ម ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និង ការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការសកលភាវូបនីយកម្ម និង ការគាំពារនិយម នេះម្យ៉ាង និងម្យ៉ាងទៀត អាសិបក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែក ក្នុងការរក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ តាមរយៈការលើកកម្ពស់តួនាទីគន្លឹះនៃការ ពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងយន្តការស្ថាប័នដែលមានស្រាប់ក្នុងការលើកកម្ពស់ កិច្ចសន្ទនាកម្រិតកំពូលផងដែរ។

សម្ដេចបន្តថា ជិតបីឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នវានុវត្តន៍ដែលកំពុងតែលូតលាស់យ៉ាង រហ័ស ជាពិសេសតំបន់អាស៊ីបូព៌ាដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និង ជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលលោក ។

ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញឱ្យឃើញថា ការអនុវត្តនូវអាសិបពេញលេញ និងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ ប៊ីលានដុល្លារអាមេរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប ១២,៣ភាគរយ និងជួយលើកកម្ពស់ ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀតឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិត មធ្យមផងដែរសម្រាប់តំបន់អាសិបនៅឆ្នាំ ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើន ប្រាក់ចំណូលសកល រហូតដល់ ២៦៣ ប៊ីលានដុល្លារអាមេរិក ។

សម្រាប់កម្ពុជា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ ២០២២នេះ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ ៣,៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩៤ភាគរយ ទៅ ១៨ភាគរយ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣,២ភាគរយ ទៅ ៦,២ភាគរយ និង ដែលចំណូល ពន្ធប្រចាំឆ្នាំកើនប្រមាណ ២ភាគរយ ទៅ ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ ២៣,៤ភាគរយផងដែរ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជា ជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀង អាសិប ។ ក្រៅពីអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែល ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិប កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែល កម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗ ទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិប ចូល ដូចខាងក្រោម៖
ទី១-ភាគីសមាជិក និង ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុង ការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជា អតិបរមា ។

ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុង ការធ្វើសមាហរណកម្មតំបន់ ក្នុងទិសដៅនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមាន ចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

ទី២-សម្ដេចសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់ន អាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំ ចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។

ទី៣-កម្ពុជា សូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និងភាគី ហត្ថលេខីនៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជា ពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់ សមាជិកទាំងអស់នៃអាសិប ពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបច្ចេកទេសនេះឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយដែល គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។

ទី៤-វិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និង បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់ ។ ហេតុ ដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការ យល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បី ពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា ។

ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ី បូព៌ាក្នុងការបន្តសិក្សាស្រាវជ្រាវលើកិច្ចព្រមព្រៀងអាសិប ជាពិសេសការសម្រេចបាននូវការចងក្រង សៀវភៅទី២ ស្ដីពីថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប ក្របខណ្ឌសម្រាប់ការធ្វើ សមាហរណកម្មតំបន់ ។ សៀវភៅនេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការលើក កម្ពស់ការយល់ដឹង នៅក្នុងស្រទាប់សាធារណជន និង វិស័យឯកជន ឱ្យបានកាន់តែស៊ីជម្រៅ អំពី កាលានុវត្តភាពនៃកិច្ចព្រមព្រៀងអាសិប ដែលនឹងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និង លទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner