កាលពីខែតុលា សិង្ហបុរីបំបែកកំណត់ត្រាអាកាសធាតុសេីមខ្លាំងបំផុតពុំធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំ
សិង្ហបុរី៖ ផ្នែកឧតុនិយមសិង្ហបុរីបាននិយាយ នៅថ្ងៃអង្គារទី១ ខែវិច្ឆិកា ថា ប្រទេសសិង្ហបុរីបានជួបប្រទះនូវទឹកធ្លាក់ខ្លាំងបំផុត ក្នុងខែតុលា ដ៏ខ្លាំងពុំធ្លាប់មាន ក្នុងរយៈពេល ៤០ឆ្នាំ ជាមួយនឹងថ្ងៃធ្លាក់ភ្លៀង ត្រូវបានព្យាករណ៍ថា នឹងបន្ត រហូតដល់ខែវិច្ឆិកានេះ។
ស្ថានីយ៍អាកាសធាតុ Changi បានកត់ត្រាភ្លៀងរយៈពេល ២៧ ថ្ងៃក្នុងខែតុលា។ ប្រភពថា “នេះគឺជាចំនួនថ្ងៃដែលមានភ្លៀងធ្លាក់ខ្ពស់បំផុតនៅក្នុងខែតុលា នៅស្ថានីយ៍អាកាសធាតុ Changi ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ហើយលើសពីកំណត់ត្រាមុន ២១ ថ្ងៃដែលបានសង្កេតឃើញ ក្នុងឆ្នាំ ១៩៨៥ និង ២០០៣” ។
ទឹកភ្លៀងសរុបប្រចាំខែ កាលពីខែមុន ក្នុងខែតុលា គឺ៤១២ មីលីម៉ែត្រ ដែលលើសពីកម្រិតខ្ពស់ កាលពីខែតុលា ឆ្នាំ២០១១ទៅទៀត ដែលមាន ៣៨៩.៣ មីលីម៉ែត្រ នៅពេលនោះ។
ឧតុនិយមសិង្ហបុរីអះអាងថា “ផ្អែកលើទឹកភ្លៀងជាមធ្យមនៅទូទាំងស្ថានីយ៍ទូទាំងប្រទេស ជាមួយនឹងកំណត់ត្រារយៈពេលវែងចាប់តាំងពីឆ្នាំ ១៩៨០ ខែតុលា ឆ្នាំ២០២២ គឺជាខែតុលាដែលសើមបំផុត ក្នុងរយៈពេល៤ ទសវត្សរ៍” ។
អាកាសធាតុសើម ត្រូវបានព្យាករណ៍ថា នឹងបន្តមាន ក្នុងនោះ បន្តនៅក្នុងសប្តាហ៍ទី ១នៃខែវិច្ឆិកា ជាមួយនឹងការព្យាករណ៍ថា ក្រុមភ្លៀងនឹងបន្តធ្លាក់ លើប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈ ដែលភ្លៀងធ្លាក់ខ្លាំង កើតមាននៅថ្ងៃភាគច្រើន៕ ប្រភពពី CNA , ដោយ៖ សារ៉ាត