ឯកឧត្តម ចាយ បូរិន ដឹកនាំគណប្រតិភូយុវជនគណបក្ស អញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន ដល់គេហដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំ សមាជិក សមាជិកា ផ្នែកឃោសនាអប់រំ អញ្ជើញសួរសុខទុក្ខឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋាន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តមប្រធានប្រតិភូ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន និងក្រុមគ្រួសារ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានថ្លែងនូវអំណរគុណដល់ សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ់
ឯកឧត្តមប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងចូលរួមការពារនិងអភិវឌ្ឍប្រទេសជាតិដោយជោគជ័យក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានរៀបរាប់ពីប្រវត្តិការងារថា៖ បានចូលទៅប្រទេសវៀតណាម នៅដើមឆ្នាំ១៩៧៨ បានចូលរួមជាមួយកម្លាំងកងទ័ពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅខែឧសភា ឆ្នាំ១៩៧៨ ចូលរួមកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ព្រមទាំងចូលរួមជាមួយកងកម្លាំងតស៊ូចលនារំដោះជាតិផ្សេងៗទៀត បានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ហើយត្រូវបានក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលផ្តល់តួនាទីជាបន្តបន្ទាប់
ដូចជា៖ អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តខេត្តបាត់ដំបង ជាប្រធានយោធាខេត្តបាត់ដំបង ជាស្នងការទាក់ទងការបរទេស ក្រសួងការពារប្រទេស ជានាយកសាលាបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់ឬស្សីកែវ ជាបញ្ជាការភូមិភាគទី៥ បញ្ជាការភូមិភាគទី៣ បញ្ជាការភូមិភាគពិសេស ជាប្រតិបត្តិករ អនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តចតេជោ ហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន និងជូនពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ។ ដោយ ហេង សម្បត្តិ







