ការនាំចេញទូរស័ព្ទរបស់វៀតណាមកើនឡើង ៧.៦ ភាគរយ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២នេះ
ហាណូយ៖ វៀតណាមរកចំណូលបានជាង ៥០.១ ពាន់លានដុល្លារអាមេរិកពីការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២២។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំនួននេះមានច្រើនជាង ១៦ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេស ក្នុងរយៈពេលនេះ ហើយបានបង្ហាញពីការកើនឡើង ៧.៦ភាគរយ នៃការនាំចេញ បើធៀបនឹង១០ខែដំបូង នៃឆ្នាំ២០២១។
ជាមួយនឹងប្រាក់ចំណូលនោះ ទូរស័ព្ទ និងគ្រឿងបន្លាស់បានបន្តជាមុខទំនិញនាំចេញធំជាងគេរបស់វៀតណាម បន្ទាប់មក គឺកុំព្យូទ័រ និងគ្រឿងបន្លាស់អេឡិចត្រូនិច ព្រមទាំងសម្លៀកបំពាក់ និងវាយនភណ្ឌផងដែរ។
នៅចន្លោះខែមករា ដល់ខែតុលា វៀតណាមក៏បានចំណាយប្រាក់ជាង ១៧.៧ ពាន់លានដុល្លារ សម្រាប់ការនាំចូលទូរស័ព្ទ និងគ្រឿងបន្លាស់ កើនឡើង ៥.២ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ក្នុងឆ្នាំ២០២១ ប្រទេសនេះរកចំណូលបានជាង ៥៧.៧ ពាន់លានដុល្លារពីការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ ជាចម្បងទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កើនឡើង ១២.៤ ភាគរយ ធៀបនឹងឆ្នាំ២០២០៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត




