នាយកដ្ឋានបច្ចេកទេសព័ត៌មាននៃក្រសួងអប់រំ និងក្រុមហ៊ុន SalaTech ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រាង “ឌីជីថលនីយកម្មក្នុងវិស័យអប់រំ

ភ្នំពេញ៖ នាយកដ្ឋានបច្ចកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រាង “ឌីជីថលនីយកម្មក្នុងវិស័យអប់រំ” ជាមួយក្រុមហ៊ុន សាលា ថេក ឌីជីថល សឹលូសិន នៅទីស្ដីការក្រសួង ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងត្រូវបានចុះហត្ថលេខាដោយ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងលោក សុខ លាភ សហស្ថាបនិក ក្រុមហ៊ុន សាលា ថេក ព្រមទាំងគណៈគ្រប់គ្រងនាយកដ្ឋាន និងសាកលវិទ្យាល័យ ដៃគូនានានៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

អនុស្សរណៈនៃការយោគយល់នេះ នឹងផ្ដោតលើគោលបំណងសំខាន់ៗចំនួន០៤៖ (១) ជួយគាំទ្រសាលារៀនក្នុងការធ្វើទំនើបកម្មការអប់រំ និងការគ្រប់គ្រងជាមួយប្រព័ន្ធគ្រប់គ្រងសាលារៀន។ (២) ជំរុញ និងបង្កើនការយល់ដឹងរបស់សិស្សនិស្សិតអំពីសារៈសំខាន់នៃការជ្រើសរើសមុខជំនាញ និងការងារនៅថ្ងៃអនាគត ព្រមទាំងការជ្រើសរើសសកលវិទ្យាល័យ ឬវិទ្យាស្ថានរអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។ (៣) បង្កើតភាពងាយស្រួលដល់សិស្សានុសិស្ស ដែលនៅតាមបណ្ដាខេត្តក្នុងការចុះឈ្មោះចូលរៀនអនឡាញទៅសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។ (៤) ជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងវិស័យអប់រំ ព្រមទាំងបង្កើនឱកាសការងារ និងធនធានមនុស្ស។

សូមជម្រាបថា ក្រុមហ៊ុន សាលា ថេក ជាក្រុមហ៊ុនដែលមានទស្សនវិស័យ និងបេសកម្មក្នុងការគាំទ្រ និងជួយការអប់រំនិងដំណើរការសិក្សារបស់សិស្សឱ្យកាន់តែសម្បូរបែប តាមរយៈគេហទំព័រព័ត៌មានសាកលវិទ្យាល័យ និងសាលារៀនរបស់យើង ផ្តល់ឱកាសសិក្សា និងការផ្សព្វផ្សាយផ្សេងៗអំពីសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាដែលជួយជំរុញ និងលើកកម្ពស់ដល់សិស្សវិទ្យាល័យក្នុងការជ្រើសរើសជំនាញមហាវិទ្យាល័យ និងជ្រើសរើសអាជីពដែលសាកសម ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner