កីឡាវាយកូនបាល់កម្ពុជាដាក់ទិសដៅមេដាយ២គ្រឿងសម្រាប់ស៊ីហ្គេម២០២៣

ប្រមុខដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានផែនការយុទ្ធសាស្ត្របន្ថែមទៀតក្នុងការពង្រឹងក្រុមជម្រើសជាតិរបស់ខ្លួនដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីសម្រេចគោលដៅធំមួយក្នុងការប្រកួតកម្រិត៤ ឡើងទៅកម្រិត៣ ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup នៅប្រទេសបារ៉ែនកាលពីពេលថ្មីៗនេះ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានថ្លែងថា ឆ្លងកាត់ការប្រកួត Davis Cup កម្រិតទី៤ ដែលក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជាទទួលបានជោគជ័យក្នុងការឡើងទៅកម្រិត៣ប្រចាំតំបន់អាស៊ី/អូសេអានី សហព័ន្ធដែលមានលោកឧកញ៉ា សៀ រិទ្ធី ជាប្រធានគ្រោងបញ្ជូនក្រុមកីឡាករជម្រើសជាតិទៅបង្កើនសមត្ថភាពនៅក្រៅប្រទេសបន្ថែមទៀត មុនកីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជាឈានមកដល់។

លោកប្រាប់ថា ប្រទេសដែលសហព័ន្ធគ្រោងបញ្ជូនក្រុមវាយកូនបាល់កម្ពុជាទៅប្រកួតនោះ មានដូចជា ប្រទេសថៃ វៀតណាម និងប្រទេសនៅតំបន់អឺរ៉ុបមួយចំនួនទៀត ក្នុងនោះមានសហរដ្ឋអាមេរិចផងដែរ។ ការបញ្ជូនអត្តពលិកទៅប្រកួតជាមួយបណ្តាប្រទេសខ្លាំងៗគឺជាយុទ្ធសាស្រ្តអភិវឌ្ឍសមត្ថភាពក្រុមវាយកូនបាល់កម្ពុជាត្រៀមដណ្តើមមេដាយយ៉ាងហោចណាស់ឲ្យបាន២គ្រឿងក្នុងនាមជាប្រទេសម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

លោកអគ្គលេខាធិការរូបនេះបញ្ជាក់ថា បច្ចុប្បន្នកីឡាករវាយកូនបាល់កម្ពុជា៣រូបកំពុងហ្វឹកហាត់ក្នុងប្រទេសគឺ ឡុង សំនៀង, ឃ្លាំង ពន្លក និង ប៊ុន កេន្នី ខណៈកីឡាករ កីឡាការិនី៤ទៅ៥រូបទៀត កំពុងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេឲ្យកាន់តែល្អប្រសើរសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។

គួររម្លឹកថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានយកការប្រកួត DAVIS CUP ឆ្នាំ២០២២នេះ នៅប្រទេសបារ៉ែនគឺជាការវាស់ស្ទង់កម្រិតសត្ថភាពរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជាមុនស៊ីហ្គេមឆ្នាំ២០២៣មកដល់។ ជាលទ្ធផលក្រុមកម្ពុជាធ្វើបានយ៉ាងល្អដោយយកឈ្នះ៤ប្រទេស ហើយដណ្តើមបានកៅអីឡើងទៅកម្រិតទី៣ ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០២៣។ តាមរយៈការសម្រេចបានគោលដៅធំមួយនេះ សហព័ន្ធរំពឹងខ្ពស់ថា នឹងដណ្តើមបានមេដាយយ៉ាងតិច២គ្រឿងពីស៊ីហ្គេម ឆ្នាំ២០២៣៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner