ចិនថា អាមេរិកត្រូវតែទទួលខុសត្រូវចំពោះការបែកបាក់ក្នុងទំនាក់ទំនងអាកាសធាតុ
ចិន៖ ក្រសួងការបរទេសចិនបានលើកឡើងថា ទំនាក់ទំនងការទូតអំពីការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក មិនអាចបំបែកចេញពីភាពតានតឹងផ្នែកនយោបាយ រវាងភាគីទាំងពីរបាននោះទេហើយក្រុងវ៉ាស៊ីនតោនត្រូវតែទទួលខុសត្រូវចំពោះការបែកបាក់នៃកិច្ចចរចានេះ។
ប្រទេសជិត ២០០ រៀបនឹងប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម Sharm El-Sheikh ក្នុងប្រទេសអេហ្ស៊ីបសម្រាប់ការចរចាអំពីបញ្ហាអាកាសធាតុពិភពលោក។ ប៉ុន្តែភាពតានតឹងផ្នែកការទូតរវាងប្រទេសធំៗទាំងពីរ បានគំរាមកំហែងដល់កិច្ចប្រជុំស្តីអំពីអាកាសធាតុដែលត្រូវបានគេហៅថា COP27 ។
កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមរបស់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានជួយជំរុញឱ្យកើតមានឡើងតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីឆ្នាំ ២០១៥ ប៉ុន្តែប្រទេសចិនបានផ្អាកការពិភាក្សាទ្វេភាគីទាំងអស់កាលពីខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកគឺលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ជាកោះដែលប្រទេសចិនទាមទារសិទ្ធិគ្រប់គ្រង។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ៣ ខែវិច្ឆិកាថា៖«ប្រទេសចិន និងសហរដ្ឋអាមេរិកកាលពីមុន បានបង្កើតកិច្ចសហប្រតិបត្តិការល្អលើបញ្ហាប្រែប្រួលអាកាសធាតុ ដោយធ្វើការរួមគ្នាដើម្បីឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចបាន និងចូលជាធរមាន»។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា៖«ក្នុងពេលជាមួយគ្នានេះកិច្ចសហប្រតិបត្តិការអាកាសធាតុចិន-អាមេរិក មិនអាចបំបែកចេញពីបរិយាកាសទូលំទូលាយនៃទំនាក់ទំនងទ្វេភាគីបានទេ»។ ដោយលោកបានសង្កត់ធ្ងន់ថា ដំណើរទសន្សកិច្ចរបស់លោកស្រី Pelosi នៅតៃវ៉ាន់ បានធ្វើឱ្យប្រទេសចិនគ្មានជម្រើសអ្វីក្រៅពីការផ្អាកកិច្ចចរចា។
លោកថា៖ «ការណ៍នេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន។ ភាគីអាមេរិកត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ»៕
ដោយ៖ យុទ្ធ វីរះ