អភិបាលខេត្តកែប ៖ មានតែសុខ សន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គម
កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងថា មានតែសុខ សន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គមជាតិយើងទៅរកភាពរីកចម្រើនបាន ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍បែបនេះ ក្នុងឱកាសដង្ហែរ អង្គកឋិនទានសាមគ្គីមួយឆ្ពោះទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្ត សមាធិ អតីត មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងក្រុងកែប ខេត្តកែប ដើម្បីក្រាលគ្រងតាមពុទ្ធានុញ្ញាត និង ប្រមូលបច្ច័យ កសាងសមិទ្ធផលនានាក្នុងវត្ត។
អង្គកឋិនទាន បានប្រព្រឹត្តទៅ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើងបានបន្សល់ទុកតាំងពីដើមរៀងមក ដោយពេលរសៀល ថ្ងៃសៅរ៍ ១៣កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានការជួបជុំមន្ត្រីរាជការទូទាំងខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ ធ្វើបទនមស្សការព្រះតរនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅបរិវេណសាលាខេត្តកែប។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៣កើត ខែកក្តិក ត្រូវនឹងថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ អង្គកឋិនទានត្រូវបានដង្ហែរចូលមកាន់វត្តសមាធិ ប្រទក្សិណ ជុំវិញព្រះវិហារ និងវេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ ។
ឯកឧត្តមបញ្ជាក់ថា បច្ច័យប្រមូលបានពីអង្គកឋិនទានសាមគ្គីនាពេលនេះ មានចំនួន ២០៦.១៧៩.០០០រៀល សម្រាប់បែងចែក កសាងវត្តទាំង ១៧ទូទាំងខេត្ត ដោយក្នុងមួយវត្ត ប្រគេនបច្ច័យ ១០លានរៀល សរុប ១៦វត្ត អស់បច្ច័យ ១៦០លានរៀល នៅសល់ប្រគេន វត្តសមាធិ សម្រាប់កសាងព្រះបដិមាអង្គធំ ៕ Sila Sarin


