សម្ដេចចៅហ្វាវាំង នាំយកព្រះរាជអំណោយព្រះមហាក្សត្រ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់៨៥៧គ្រួសារ នៅស្រុកចិត្តបុរី

អត្ថបទដោយ៖
Kien Sereyvuth

ក្រចេះ៖ ព្រះរាជអំណោយរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្សេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត ត្រូវបានសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្ដម គុយ សុផល ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាំយកទៅចែកជូនប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន៨៥៧គ្រួសារនៅភូមិចំនួន៤ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសជួបសំណេះសំណាលសម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ បាននាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាហឬទ័យអាណិតស្រឡាញ់ សេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទួត នៅទូទាំងប្រទេស ពិសេសព្រះហឬទ័យ យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្ត្ររបស់ព្រះអង្គ។

សម្ដេចចៅហ្វាវាំង ក៏បានលើកឡើងផងដែរនូវសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចបានដឹកនាំប្រទេសជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុកដាក់ និងមានវិធានការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវរលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬជាតិសាសន៍ឡើយ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ បានប្រទានជូនដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ចំនួន៨៥៧គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចាប់ (មុង១ ភួយ១ សារុង១ និងក្រម៉ា១) មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតង់១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រព្រះរាជាណាចក្រកម្ពុជាចំនួន១ និងថវិកាចំនួន២០ម៉ឺនរៀល៕ធ.ដ

ដោយៈ ម៉េង គាង

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner