ឯកឧត្តម ថោង ខុន លើកទឹកចិត្តឱ្យនាំផលិតផល ក្នុងស្រុកតាំងលក់ ក្នុងពិព័រណ៍ទេសចរណ៍នានា
ខេត្តព្រះសីហនុ ៖ ការនាំយកផលិតផលក្នុងស្រុកដាក់តាំងពិព័រណ៍ និងលក់ជូនភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃសមរម្យផងដែរ។
នាឱកាសចូលរួមទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យនាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពដែលជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះជាដើម។
ឯកឧត្តម បន្តថា ការតាំងពិព័រណ៍ផលិតផល ដែលគាំទ្រដល់វិស័យទេសចរណ៍ គឺជាការបន្ថែមភាពទាក់ទាញមួយកម្រិតទៀត សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ គោលដៅទេសចរណ៍ល្អត្រូវមាន ផលិតផលល្អនិងទាក់ទាញ ហើយផលិតផលទាំងនោះ ក៏ត្រូវមានតម្លៃសមស្របដែរ។ អ្វីដែលឯកឧត្តម រដ្ឋមន្ត្រី ចង់ណែនាំទៅកាន់ម្ចាស់អាជីវកម្ម អ្នកផលិត ក៏ដូចជាអ្នករៀបចំពិព័រណ៍ គឺត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន។
ឯកឧត្តម ថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ ប្រាកដជាមានការខាតបង់ខ្លះហើយ ប៉ុន្តែក្រោយពេលកូវីដសូមកុំដំឡើងថ្លៃខ្ពស់ពេក ពីព្រោះដោយហេតុថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរក៏ជួបវិបត្តិដូចម្ចាស់អាជីវកម្មដែរ ដូច្នេះចំណូលរបស់ពួកគេក៏មានកម្រិត ហើយការចាយវាយរបស់ពួកគេ ក៏មិនទាន់ទូលាយ ហេតុនេះហើយប្រសិនបើម្ចាស់អាជីវកម្មដំឡើងថ្លៃខ្ពស់ពេក នោះយើងអាចនឹងបាត់បង់ប្រយោជន៍ទាំងអស់គ្នា។
គួរជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំរៀបចំដោយសមាគម ៕សេឌី



