នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ខឺឈាង (LI Keqiang) អញ្ជើញដល់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (LI Keqiang) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ វេលាម៉ោងប្រមាណ ៧:៣០នាទីយប់ថ្ងៃអង្គារទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះឯកឧត្តមនាយករដ្ឋមន្ត្រីចិន នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែននិងឯកឧត្តម លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាពដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។
នៅចុងបញ្ចប់នៃជំនួបថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននិងក្នុងពិធីសម្ពោធជានិមិត្តរូប បើកឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។
បន្ទាប់មកទៀតឯកឧត្តមនាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរ ឯកឧត្តម លី ខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាបដែលក្នុងឱកាសនោះលោកនឹងអញ្ជើញធ្វើជាអធិបតីជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវផងដែរ៕
