អ្នកនាំពាក្យ៖ ប្រធានាធិបតីអ៊ុយក្រែននឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី តាមប្រព័ន្ធអ៊ីនធើណិត
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នាពេលខាងមុខនេះ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍អ៊ុយក្រែន នៅថ្ងៃអង្គារទី០៨ ខែវិច្ឆិកា ដោយដកស្រង់សម្តីអ្នកនាំពាក្យប្រធានាធិបតីលោក Sergii Nykyforov។
លោក Nykyforov បានបញ្ជាក់យ៉ាងដូច្នេះថា ជាការពិតណាស់ នៅក្នុងទម្រង់ខ្លះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20។ អ្នកនាំពាក្យរូបនេះបន្ថែមថា មេដឹកនាំអ៊ុយក្រែនអាចនឹងចូលរួមកិច្ចប្រជុំកំពូលនេះក្នុងទម្រង់តាមអនឡាញ។
កិច្ចប្រជុំកំពូល នៃប្រមុខរដ្ឋ និងរដ្ឋាភិបាល G20 លើកទី ១៧ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកាខាងមុខនេះ នឹងផ្តោតសំខាន់លើប្រធានបទ “Recover Together, Recover Stronger” ឬប្រែថា “ការស្តារឡើងវិញរួមគ្នា, ការស្តារឡើងវិញឱ្យកាន់តែរឹងមាំជាងមុន”។
គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទទី០៧ ខែវិច្ឆិកាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ G20 នាពេលខាងមុខនេះ នៅឯកោះបាលីនោះទេ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

