គណៈកម្មការជំនាញខេត្តកណ្តាល និងគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ចុះហត្ថលេខាបន្តសហការស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅក្នុងទឹកដីខេត្តកណ្តាល

ខេត្តកណ្តាល៖ គណៈកម្មការជំនាញខេត្តកណ្តាល និងគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានរៀបចំប្រារព្ធពិធីចុះហត្ថលេខា លើកំណត់ហេតុ បន្តសហការស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅក្នុងទឹកដីខេត្តកណ្តាល។ ពិធីនេះធ្វើឡើងកាលព្រឹកថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឹន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញខេត្តកណ្តាល បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ គណៈអភិបាលខេត្តកណ្តាល និងគណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ។

ឯកឧត្តម មេបញ្ជាការបានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំហានទី២១ រដូវប្រាំង ឆ្នាំ២០២១-២០២២ កន្លងទៅនេះ កម្លាំងរបស់ក្រុមK90 បានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងយោធភូមិភាគពិសេស និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជាស្នូលដ៏សំខាន់ក្នុងកិច្ចសហការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុ នៅស្រុកចំនួន ០២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយសម្រេចលទ្ធផលបានចំនួន ២២ អដ្ឋិធាតុ ។

ឯកឧត្តម បានឱ្យដឹងបន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ពេលនេះ នៅក្នុងភូមិសាស្រ្តទឹកដីខេត្តកណ្តាល បានចំនួន ២២លើក និងសម្រេចបានលទ្ធផលសរុបចំនួន ១.២១០ អដ្ឋិធាតុ និងបានប្រារព្ធពិធីប្រគល់-ទទួលនិងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឹន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ បានថ្លែងនូវការកោតសរសើរចំពោះកិច្ចសហការយ៉ាងល្អ របស់គណៈកម្មការជំនាញខេត្តកណ្តាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលធ្វើឱ្យកិច្ចការងារស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម កន្លងមកទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកណ្តាល មានប្រសាសន៍ថា ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ចំពោះការសហការ ស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងបណ្ដាលសម័យសង្រ្គាមនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ភាគីចុះហត្ថលេខាបន្តសហការស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅក្នុងទឹកដីខេត្តកណ្តាលនេះ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញខេត្តកណ្តាល និងភាគីវៀតណាមដោយ ឧត្តមសេនីយ៍ត្រី ហ៊ូ មិញ ភឿង អនុប្រធានស្នងការនយោបាយ និងជាអនុ ប្រធានអចិន្ត្រៃយ៍គណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner