ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូ ជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB បាន ជំរាបជូន សម្ដេចតេជោ ហ៊ុន សែន ថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូ ជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត, ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តគាំទ្រកម្ពុជា តាមរយៈ ការជួយកៀរគរថវិកា , កៀរគរអ្នកវិនិយោគ និងកៀរគរបច្ចេកវិទ្យា ដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ 2030 និងជាប្រទេសអភិវឌ្ឍ នៅឆ្នាំ 2050 ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ បៃតង ផងដែរ ។

ជំនួប ដែលធ្វើឡើង នាល្ងាចថ្ងៃទី១១វិច្ឆិកា នេះ
ឯកឧត្តម អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ឯកឧត្តម ម៉ាសាស៊ូហ្គូ បានសំដែងនូវការអបអរសាទរជូន ចំពោះ សម្ដេចតេជោ ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។

ឯកឧត្តម ក៏បានសម្ដែងនូវការអបអរសាទរផងដែរជូនចំពោះ សម្ដេចតេជោ ដែលបានគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អ , បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ ហើយតាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី , សេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើន 5,3% សម្រាប់ ឆ្នាំនេះ ។

ជាមួយនេះ ឯកឧត្តម ម៉ាសាស៊ូហ្គូ ក៏បានគោរព វាយតម្លៃខ្ពស់ ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ។

បន្ថែមលើនេះ ឯកឧត្តម ម៉ាសាស៊ូហ្គូ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូល្អ និងបានគូសបញ្ជាក់ ជូនសម្ដេចតេជោ ថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូ ជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តគាំទ្រ កម្ពុជា តាមរយៈ ការជួយកៀរគរថវិកា , កៀរគរអ្នកវិនិយោគ និងកៀរគរបច្ចេកវិទ្យា ដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ បៃតង ផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះ ឯកឧត្តម ម៉ាសាស៊ូហ្គូ ដែលបានទទួល ការអញ្ជើញមកចូលរួម ចែករំលែកធាតុចូល ក្នុងវេទិកា កិច្ច សន្ទនាអាស៊ានជាសកល ហើយក៏បានថ្លែងអំណរគុណ ធនាគារ ADB ផងដែរ ដែលបានគាំទ្រកម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជួយកម្ពុជា ឱ្យរួចផុតពីការរាតត្បាត នៃជំងឺកូវីដ១៩ ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ADB ជាដៃគូល្អ ហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ ៕ ដោយ ៖ វណ្ណលុក