អង្គការសហប្រជាជាតិ កោតសរសើរអាស៊ាន ដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណ ៤៨០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងនេះ មានស្ត្រីចំនួន ៨,៥ភាគរយ
ភ្នំពេញ៖ អង្គការសហប្រជាជាតិ បានកោតសរសើរចំពោះអាស៊ាន ដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណ ៤៨០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងនេះ មានស្ត្រីចំនួន ៨,៥ភាគរយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ អង្គការសហប្រជាជាតិ បានកោតសរសើរចំពោះការរួមចំណែករបស់អាស៊ានដែលបានបញ្ជូនកងរក្សាសន្តិភាពប្រមាណ ៤៨០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន ៩ដង ហើយក្នុងតួលេខ ៤៨០០នាក់នេះ មានស្ត្រីចំនួន ៨,៥ភាគរយ ។
ឯកឧត្តម គង់ ភោគ បានបញ្ជាក់ថា កម្ពុជា ពីមុនជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបន្ទាប់ពីទទួលបានសន្តិភាពមក កម្ពុជា គឺមានភាពសកម្មខ្លាំង ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់យើង ទៅចូលរួមចំណែកជាមួយនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដំបន់ដែលមានជម្លោះជាច្រើន ។
ឯកឧត្តម គង់ ភោគ បានបន្តថា តាមពិតទៅ កម្ពុជា ដើរតួនាទីសឹងតែលេខ២ នៅក្នុងតំបន់ បន្ទាប់ពីឥណ្ឌូនេស៊ី ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅចូលរួមចំណែកជាមួយនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិ ។
នេះគឺជាលទ្ធផលមួយសម្រាប់យើងទាំងអស់គ្នាមើលឃើញ នៅពេលដែលយើងទទួលបានផ្លែផ្កាចេញពីសន្តិភាព។យើងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចេញទៅចូលរួមចំណែកឲ្យប្រទេសផ្សេងទៀត ដែលកំពុងប្រឈមនឹងវិបត្តិក៏ដូចជាសង្គ្រាម មានលទ្ធភាព ដើម្បីទទួលបាននូវផ្លែផ្កាសន្តិភាពដូចយើងដែរ ។
សូមរំលឹកថា ចាប់ពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ កម្ពុជា បានបញ្ជូនកងកម្លាំងជាង ៨ ០០០នាក់ក្នុងនោះមាននារីចំនួនជាង ៥០០នាក់ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន ៩។ ដោយឡែកនៅក្នុងឆ្នាំ ២០២២ កម្ពុជាមានកងទ័ពមួកខៀវចំនួនជិត ៨០០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេសចំនួន ៤ រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី ៕ ដោយ ៖ វណ្ណលុក








