លោក ចូ បៃដិន ជំរុញឱ្យពិភពលោកចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ អំឡុងកិច្ចប្រជុំ COP27
ហ្សាម អែល ហ្សេក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញការអំពាវនាវឱ្យមានសកម្មភាពជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ដែលលោកបានហៅថា ជាការគំរាមកំហែងដល់ “ជីវិតរបស់ភពផែនដី”។
ថ្លែងនៅក្នុងសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា COP27 នៅប្រទេសអេហ្ស៊ីប ក្នុងថ្ងៃសុក្រសប្តាហ៍នេះ លោក បៃដិន បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីរបស់សហរដ្ឋអាមេរិក និងការផ្តល់មូលនិធិ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងនៅទ្វីបអាហ្វ្រិក ដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈមផ្នែកបរិស្ថាន។
នាឱកាសនោះដែរ លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាព… មនុស្សគ្រប់រូបត្រូវតែធ្វើសកម្មភាពដែរ… វាជាកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងភាពជាមេដឹកនាំសកល។ បណ្តាប្រទេសដែលមានតួនាទីជួយ គួរតែគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះពួកគេអាចធ្វើការសម្រេចចិត្តផ្នែកអាកាសធាតុយ៉ាងម៉ឺងម៉ាត់, សម្របសម្រួលការផ្លាស់ប្តូរថាមពលរបស់ពួកគេ, កសាងផ្លូវទៅកាន់ភាពរុងរឿង ដែលប្រការនោះ ត្រូវគ្នានឹងតម្រូវការអាកាសធាតុរបស់យើង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទីពីររបស់ពិភពលោក នៅពីក្រោយប្រទេសចិន។ កាលពីដើមសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានព្រមានថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវហាយវេទៅកាន់ឋាននរកអាកាសធាតុ ហើយថា “មនុស្សជាតិមានជម្រើស នោះគឺសហការ ឬវិនាស”៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា



