នៅកោះពេជ្រ មានរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២ រយៈពេល៣ថ្ងៃ ក្នុងបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) ជាលើកដំបូង និងធំបំផុតនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និង Factory Phnom Penh ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក។
ថ្លែងក្នុងឱកាសបើកពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ដែលរៀបចំឡើងជាលើកដំបូងនេះ នឹងធ្វើការផ្សព្វផ្សាយពីបច្ចេកវិទ្យា វិទ្យាសាស្រ្ត សហគ្រិនភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល និងជាឱកាសសម្រាប់សាធារណជន សហគ្រិន វិនិយោគិន ដើម្បីសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើតជាបណ្តាញវិនិយោគ និងការសិក្សារួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា តាមរយៈបច្ចេកវិទ្យា។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានថ្លែងដែរថា បច្ចេកវិទ្យាបានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រទេសកម្ពុជា បានកំណត់បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត គឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍ប្រទេស ដើម្បីសម្រេចបាន នូវការប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំនិងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនទីបង្ហាញផ្លូវជាបន្តបន្ទាប់ មានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងគ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាអាទិភាពមួយចំនួនទៀត ដែលបម្រើដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។
សូមជម្រាបថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មានការដាក់ស្តង់ពិព័រណ៍សរុបប្រមាណ ៤០០ ស្តង់ និងមានអ្នកចូលរួមមកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យាជាដើម៕ ដោយ៖ ទីណា









