ប្រធានអាស៊ាន៖ អូស្ត្រាលី តែងតែបង្ហាញនូវការគាំទ្រឥតងាករេមកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថា អូស្ត្រាលី តែងតែបង្ហាញនូវការគាំទ្រឥតងាករេមកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន ។ ការបញ្ជាក់របស់ប្រធានអាស៊ានដូចនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ។

ក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលីនេះ សម្ដេចតេជោ ហ៊ុណ សែន បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី ដែលនឹងកាន់តែផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ សម្ដេច បន្តថា អូស្ត្រាលី តែងតែបង្ហាញនូវការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន ។

សម្ដេចប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងទៀតថា ក្នុងក្របខណ្ឌ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី សម្ដេច បានកោតសរសើរនូវល្បឿន និងទំហំនៃសមិទ្ធផល ដែលភាគីទាំងអស់ សម្រេចបានរួមគ្នា ក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្ដួចផ្ដើមយ៉ាងច្រើន ជាពិសេស គំនិតផ្ដួចផ្ដើមស្តីពីអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្ដល់ការគាំទ្រអន្តរវិស័យ សល់ការអនុវត្តទស្សនវិស័យអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិច ដែលជាតម្រូវការជាក់ស្ដែង របស់បណ្ដាប្រទេសអាស៊ាន ៕ ដោយ ៖ វណ្ណលុក



