បន្ទាប់ពីការតម្លើងកម្រិតនៃទំនាក់ទំនងរវាងក្រុមប្រទេសអាស៊ានជាមួយនឹងអាមេរិករួចមកអាស៊ានរំពឹងថាវិស័យផ្សេងៗទៀតនឹងត្រូវយកមកពង្រឹងបន្ថែមទៀត
ភ្នំពេញ៖ “ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបៃឌិនបានធ្វើការប្រកាសរួមគ្នាហើយថា នឹងលើកកម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។បន្ទាប់ពីតម្លើងភាពជាដៃគូមួយនេះវាមានភាពចាំបាច់សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកដើម្បីធ្វើការស្វែងរកថាតើផ្នែកណាខ្លះជាការងារអទិភាព ដើម្បីបញ្ចូលភាពជាដៃគូថ្មីមួយនេះ”។នេះជាថ្លែងបញ្ជាក់ពីសំណាក់
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាសណ្ឋានគារសុខា កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម គង់ ភោគបានឱ្យដឹងថា ៖ជាការពិតណាស់បើយើងមើលពីទំនាក់ទំនងអាស៊ានជាមូយសហរដ្ឋអាមេរិកមានភាពគ្រប់ជ្រុងជ្រោយទៅហើយ នេះបានន័យថាសហរដ្ឋអាមេរិកជាមួយដៃគូបណ្តាប្រទេសអាស៊ានមានការសហការច្រើនវិស័យ ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែក សន្តិសុខ ទាំងផ្នែកសង្គម វប្បធម៌ជាដើម”។
តាមរយៈកិច្ចសហការប្រតិបត្តិការនេះដែរមន្រ្តីអ្នកនាំពាក្យរូបនេះសង្ឃឹមថាបន្ទាប់ពីការបង្កើតឱ្យមានភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះទៅ សហរដ្ឋអាមេរិក និងសមាជិកអាស៊ាននឹងអាចពង្រឹងភាពជាដៃគូនេះឱ្យកាន់តែស៊ីជម្រៅ និងរឹតតែទូលំទូលាយ ហើយពិសេសចំពោះផ្នែកទាំងឡាយដែលជាអទិភាពនិងផ្នែកសំខាន់ក្នុងតំបន់ដូចជា៖ផ្នែកសេដ្ឋកិច្ចឌីជីថលគឺនឹងធ្វើការប្រឹងប្រែងរួមគ្នា ជាមួយសមាជិកអាស៊ានក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយអ្វីដែលយើងមើលឃើញថាជាការសហការដែលនាំឱ្យមានការចេញជាផ្លែផ្ការយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺសមាជិកអាស៊ាននិងសហរដ្ឋអាមេរិក្នុងការទប់ស្កាត់នៃការរីករាលដាល់ជំងឺកូវីដ១៩ ”។
មន្រ្តីអ្នកនាំពាក្យរូបនេះបានធ្វើការពន្យល់ថា៖ បន្ទាប់ពីការតម្លើងកម្រិតនៃទំនាក់ទំនងរវាងក្រុមប្រទេសអាស៊ានជាមួយនឹងប្រទេសសរហរដ្ឋអមេរិកនេះហើយវិស័យផ្នែកផ្សេងៗទៀតក៏រំពឹងថានឹងក្លាយជាកត្តាសំខាន់ក្នុងការលើកយកមកពង្រឹងទំនាក់ទំនងរវាងសមាជិកអាស៊ានជាមួយប្រទេសសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន បានថ្លែងកាលពីថ្ងៃសៅរ៍ទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២២ដែរថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយរវាងអាម៉េរិកនិងប្លុកអាស៊ាននឹងជួយដោះស្រាយ«បញ្ហាធំៗបំផុតនៃយុគសម័យរបស់យើង»។
ជាមួយគ្នានេះលោកថ្លែងក្នុងជំនួបកំពូលរវាងអាម៉េរិក និងអាស៊ាននាទីក្រុងភ្នំពេញដែរថា កិច្ចព្រមព្រៀងនេះនឹងជួយស្ថាបនា«តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានលក្ខណៈសេរីនិងបើកចំហ មានស្ថិរភាពនិងវិបុលភាព ក្លៀវក្លានិងមានសុវត្ថិភាព»មួយ ៕ ដោយ ៖ ម៉ាដេប៉ូ