នាយករដ្ឋមន្ត្រីកម្ពុជា-កាណាដា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក នៅក្នុងជំនួបទ្វេភាគីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការចូលរួមតាំងពីយូរមកហើយរបស់កាណាដានៅក្នុងដំណើរការសន្តិភាពនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។ សម្តេចតេជោ កោតសរសើរកាណាដា ចំពោះតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា រួមទាំងការបោសសំអាតមីនផងដែរ និងបានស្នើកាណាដាបន្តការគាំទ្ររបស់ខ្លួនជួយដល់កម្ពុជា ដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ត្រឹមឆ្នាំ២០២៥។

សម្តេចតេជោ ក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តី ទ្រូដូ អំពីគំនិតផ្តួចផ្តើម និងការសម្របសម្រួលរបស់កម្ពុជាយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន​ ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ។

ឯកឧត្តម ចាស្ទីន ព្យែ ទ្រូដូ បានឱ្យតម្លៃទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយបង្កើតឱកាស ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាន និងកាណាដា។ ឯកឧត្តមក៏បានសម្ដែងនូវអំណរគុណដ៏ស្មោះសរចំពោះការដឹកនាំ និងគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយដល់អ៊ុយក្រែន និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិនេះផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដាផងដែរ ខណៈនោះ សម្តេចតេជោបានសម្តែងការគាំទ្រចំពោះការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា ជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា នឹងឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀតផងដែរ រួមមាន ពាណិជ្ជកម្ម ការប្រែប្រួល អាកាសធាតុ និងសន្តិសុខស្បៀង ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាកង្វល់រួមផងដែរ៕

ads banner