ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ០៥ ធ្នូ ២០២២ ពិសេសដំណើរការកំណែប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា ដែលកម្មវិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលសមាសភាពចូលរួមសរុបចំនួន ២៧៤នាក់នៅវិទ្យាស្ថានកោសល្យរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយផ្តោតលើប្រធានបទចំនួន៤៖
១. ធ្វើបទបង្ហាញស្ដីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា
២. ការរៀបចំអក្សរសម្ងាត់
៣. បទបង្ហាញស្ដីពីនីតិវិធីនៃការចុះអក្សរសម្ងាត់
៤. ការបែងចែកក្រុមការងារប្រតិបត្តិដែលមានចំនួន២០ក្រុម។

សូមជម្រាបថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលក្តី ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអនុវត្តវិធានការការពារការចម្លង ដោយបានដាក់ចេញសេចក្តីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបាននូវការការពារសុខភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner