សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា

សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
១- តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ បានយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រះរាជទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។
២-ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះចៅស៊ុលតង់ ត្រូវបានថ្វាយនូវព្រះរាជពិធីត្រួតពល។ ព្រះអង្គបានយាងដាក់កម្រងផ្កា និងសម្តែងការគោរពនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប
ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រកម្ពុជា។
៣-ព្រះចៅស៊ុលតង់ ទ្រង់មានព្រះរាជសវនការជាមួយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលបានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋថ្ងៃត្រង់ថ្វាយជាព្រះកិត្តិយសដល់ព្រះចៅស៊ុលតង់។
៤-ព្រះចៅស៊ុលតង់ក៏បានជួបប្រជុំទ្វេភាគីជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ កិច្ចប្រជុំទ្វេភាគីបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏កក់ក្ដៅ និងស្និទ្ធស្នាល ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានពិភាក្សាការងារប្រកបដោយផ្លែផ្កា លើកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន ព្រមទាំងបានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។
៥-ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងព្រុយណេ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ ភាគីទាំងពីរក៏បានបញ្ជាក់អំពីការប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ដូចជាវិស័យការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល អប់រំនិងការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងសុខភាពសាធារណៈ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ព្រុយណេក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងគោលដៅកាត់បន្ថយគំលាតនៃការអភិវឌ្ឍននៅក្នុងអាស៊ាន។
៦-ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជំរុញការធ្វើទំនាក់ទំនងជាប្រចាំរវាងមន្រ្តីជាន់ខ្ពស់ពីបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
៧-ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ តាមរយៈការផ្លាស់ប្ដូរព័ត៌មានស្ដីពីភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា ព្រមទាំងការផ្លាស់ប្ដូរមន្រ្តីការពារជាតិជាន់ខ្ពស់ គម្រោងកសាងសមត្ថភាព និងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
៨-ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាថា នឹងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តដល់វិស័យឯកជនឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតក្នុងការធ្វើធុរកិច្ចលើវិស័យនានាដែលមាន
សក្ដានុពល និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៩-ភាគីទាំងពីរបានឯកភាពផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តល្អៗស្ដីពីទំនើបភាវូបនីយកម្មផ្នែកឧស្សាហកម្មឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០។ ភាគីកម្ពុជាបានលើកទឹកចិត្តឱ្យមានការវិនិយោគផ្ទាល់ពីព្រុយណេ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មពឹងផ្អែកលើចំណេះដឹង។
១០-ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងលេចធ្លោ ដូចជា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ។
១១-ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងវប្បធម៌ ព្រមទាំងការតភ្ជាប់ផ្លូវអាកាស និងផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានទទួលស្គាល់នូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក។
១២-ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា្ ស្ដីពីកិច្ចសហប្រតិបត្តិការយុវជន និងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និង វិចិត្រសិល្បៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ព្រមទាំងបានឯកភាពថានឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារទាំងឡាយដែលបានចុះហត្ថលេខារួច។
១៣-ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម។ ព្រះចៅស៊ុលតង់បានអបអរសាទរ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ចំពោះភាពជោគជ័យរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ានរួមគ្នាធើ្វ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ព្រមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងការជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
១៤-ព្រះចៅស៊ុលតង់ និងសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ ព្រុយណេ ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី ដែលនឹងបង្កើតនូវក្របខណ្ឌមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
១៥-ព្រះចៅស៊ុលតង់បានថ្លែងអំណរព្រះគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្រ្តី និងប្រជាជនកម្ពុជា ចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅ និងបដិសណ្ឋារកិច្ចដ៏ស្និទ្ធស្នាល ថ្វាយព្រះអង្គនិងគណៈប្រតិភូ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner