លោក សួន សេរីរដ្ឋា៖ អ្នកសារព័ត៌មានស៊ីឈ្នួលបរទេសប្រើចំណេះស្ទើរភ្លើងផ្សព្វផ្សាយបំភ្លៃការពិតពីខ្លឹមសារសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ចូ បៃដិន !
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនិងជាអ្នកតាមដាននយោបាយបានឱ្យដឹងថា ក្រោយពេលមានអ្នកសារព័ត៌មានស៊ីឈ្នួលបរទេសបានផ្សាយថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា សេតវិមានក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ដោយបានដកស្រង់សំដីលោក ចូ បៃដិន ក្នុងជំនួបនោះថា៖ បានដាក់ការទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយ (អ្នកនយោបាយដែលរំលោភច្បាប់ហើយកំពុងមានទោស) ដោះលែងទណ្ឌិត សេង ធារី និងដោះស្រាយពួកស៊ីឈ្នួលធ្វើបាតុកម្មនៅមុខណាហ្គា នោះ ! ខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើ វេបសាយរបស់សេតវិមាន www.whitehouse.gov និងវេបសាយក្រសួងកាបរទេស www.state.gov រកមើលអានអត្ថបទសេចក្តី ថ្លែងការណ៍ពាក់ព័ន្ធសកម្មភាពនិងការថ្លែងរបស់លោក ចូ បៃដិន ពេលលោកមកចូលរួមប្រជុំនៅកម្ពុជា និងប្រសាសន៍របស់លោក ចូ បៃដិន ក្នុងពេលជួបសន្ទនាទ្វេរភាគី សម្តែងការគួរសមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ផ្ទាល់។

លោកបញ្ជាក់ថា “ជាលទ្ធផល ខ្ញុំពុំឃើញមានអត្ថបទនៃសេចក្តីថ្លែងការណ៍ណាមួយដែលសរសេរថា៖ លោក ចូ បៃដិន បាននិយាយដាក់ការទាមទារដូចការផ្សាយបំពុលបំភ្លៃរបស់ពួកអ្នកសារព័ត៌មានស៊ីឈ្នួលបរទេសងុបងល់ទាំងអស់នោះឡើយ។ ក្នុងវេបសាយរបស់សេតវិមាន ដែលស្រង់យកសម្ដីសុទ្ធរបស់លោក ចូ បាយដិន ក្នុងពេលជួបសន្ទនាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន គឺមានដូចនេះ https://www.whitehouse.gov/briefing-room/speeches-remarks/2022/11/12/remarks-by-president-biden-and-prime-minister-hun-sen-of-cambodia-before-bilateral-meeting/ ទាំងស្រុង ។ ហើយក្នុងវេបសាយរបស់ក្រសួងការបរទេសវិញ គឺមិនមានស្រង់យកសំដីរបស់ប្រធានាធិបតីមកចុះផ្សាយទេ ពីព្រោះបើតាមខ្ញុំធ្លាប់សិក្សាពីប្រព័ន្ធរដ្ឋសាស្ត្រនៃនយោបាយដឹកនាំរដ្ឋអាមេរិក គឺក្រសួងការបរទេសមានសិទ្ធិត្រឹមដកស្រង់កំណត់ហេតុសន្ទនារបស់រដ្ឋមន្ត្រីការបរទេសមកចុះផ្សាយប៉ុណ្ណោះ ចំណែកការដកស្រង់កំណត់ហេតុសន្ទនារបស់ប្រធានាធិបតី ជាសិទ្ធិអំណាចរបស់សេតវិមាន។ ប៉ុន្តែ ខ្ញុំបានរកឃើញសេចក្តីថ្លែងការមួយរបស់ការិយាល័យអ្នកនាំពាក្យក្រោមក្រសួងការបរទេស ដែលចេញសេចក្តីថ្លែងការណ៍ដោយឡែកមួយដាក់ផ្សាយក្នុងវេបសាយរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ គឺពិតជាមានសរសេរក្នុងចំណុចចង់បានរបស់ខ្លួន ដូចការផ្សាយរបស់ពួកគេនោះមែន !។ តែនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដែលសូម្បីក្រសួងការបរទេសក៏មិនយកទៅដាក់ផ្សាយផង។ ក្នុងសេចក្តីថ្លែងការណ៍នេះ គេមិនបានសរសេរថា៖ នេះជាប្រសាសន៍របស់លោក ចូ បាយដិន ធ្វើការទាមទារនៅក្នុងពេលជួបសន្ទនាជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ដូចការផ្សាយបំផ្លើស បំភ្លៃ បំពុល របស់ពួកសារព័ត៌មានស្ទើរកំណើត ស្ទើរភ្លើង ដែលស៊ីឈ្នួលបរទេសនោះទេ… សូមអាន https://kh.usembassy.gov/fact-sheet-the-united-states-cambodia-relationship/ ។ “
អ្នកតាមដាននយោបាយរូបនេះបានបញ្ជាក់ថា៖ តាមច្បាប់គ្រប់គ្រងរដ្ឋាភិបាលសហព័ន្ធ សេចក្តីថ្លែងការណ៍ឬការបកស្រាយ ឬក៏ការផ្តល់បទសម្ភាសន៍របស់អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេស វាមិនមែនតំណាងឱ្យជំហរ និងនយោបាយរបស់សេតវិមាន និងប្រធានាធិបតីនោះទេ ហើយក៏មិនមែនតំណាងឱ្យគោលនយោបាយរបស់ក្រសួងការបរទេសទាំងស្រុងដែរ ! វាប្រៀបស្មើនឹងសេចក្តីថ្លែងការណ៍ ឬការបកស្រាយឬក៏ការផ្តល់បទសម្ភាសន៍របស់សមាជិករដ្ឋសភាឬសមាជិកព្រឹទ្ធសភាសហព័ន្ធណាម្នាក់នោះ។ វាមិនមែនតំណាងឱ្យជំហររបស់ស្ថាប័នសភា និងស្ថាប័នព្រឹទ្ធសភាសហព័ន្ធនោះទេ។
ត្រង់ចំណុចនេះពួកអ្នកសារព័ត៌មានស្ទើរកំណើត ស្ទើរភ្លើងទាំងអស់ សូមរៀនសូត្រអំពីប្រព័ន្ធរដ្ឋសាស្ត្រប្រជាធិបតេយ្យនៅអាមេរិកឱ្យច្បាស់ ឱ្យចំ។ តាំងសំណួរមកលើកសួរសម្តេចតេជោ ហ៊ុន សែន ! ពិសេសត្រូវរៀនភាសាអង់គ្លេសឱ្យច្បាស់ ដើម្បីបកប្រែយកមកផ្សាយប្រើពាក្យកុំឱ្យខុស! កុំផ្សាយទាំងស្ទើរភ្លើងមិនដឹងទិសខ្យល់ ដើម្បីតែបំពុលសង្គម និងវាយតម្លៃប្រទេសកំណើតរបស់ខ្លួនខុស ព្រោះតែងុបងល់ស៊ីឈ្នួលបរទេស។ មានកំណើតជាខ្មែរ បើមិនបានជួយសាងកេរ្តិ៍ឈ្មោះ កិត្តិយសជូនជាតិមាតុភូមិ និងមិនបានលើកស្ទួយកិត្យានុភាពជូនជាតិទេ… សូមកុំឱ្យបរទេស ទិញមាត់សម្អុយរបស់ខ្លួនពីកំណើតស្ទើរភ្លើង មកនិយាយបំផ្លាញខ្មែរ បង្អាប់បន្តោសខ្មែរ មើលងាយខ្មែរ ទាំងល្ងិតល្ងង់និងខ្វាក់ខួរក្បាល៕
ដោយ៖ពលជ័យ