លោក​បណ្ឌិត មាស នី៖ ការ​ជ្រើស​រើស​សិស្ស-និស្សិត​ឱ្យចូល​បណ្ដុះ​បណ្ដាល​នាយ​ទាហាន គឺ​ជា​ការ​បង្ហាញ​កំណែ​ទម្រង់​យោធា​កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកស្រា​វ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី បាន​លើកឡើងកាល​ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ថា ការ​ជ្រើស​រើស​សិស្ស-និស្សិត​ឲ្យ​ចូល​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​នៅ​ឆ្នាំ​២០២៣ខាង​មុខ​នេះ គឺ​ជា​កា​រ​បង្ហាញ​កំណែ​ទម្រង់​យោ​ធានៅ​​កម្ពុជា បើទោះបីជាកម្ពុជាមិនមាន​សង្គ្រាមក៏ដោយ។

​​លោក​បណ្ឌិតបាន​ប្រាប់ថា​ ​ទោះ​បី​ប្រទេស​កម្ពុជា​មិន​មាន​សង្គ្រាម​ក៏​ដោយ ក៏​វា​ជា​តម្រូវ​ការ​មួយ​ដែល​មាន​សារៈ​សំខាន់​ផង​ដែរ​នៅ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​នេះ ហើយ​ការ​ដែល​ប្រទេស​កម្ពុជា​ជ្រើស​រើស​កង​ទ័ព​ចូល​នេះ គឺ​មិន​មែន​សម្រាប់​ធ្វើ​សង្គ្រាម​ឡើយ ប៉ុន្តែ​ជា​ការ​បង្កើន​សមត្ថភាព​កង​ទ័ព សម្រាប់​បម្រើ​វិស័យ​ការ​ពារ​ជាតិ។

លោក​មានប្រសាសន៍ថា ៖ «ខ្ញុំ​គិត​ថា ការ​រើស​កង​ទ័ព​ឲ្យ​ចូល​បម្រើ​វិស័យ​ការ​ពារ​ជាតិ គឺ​មាន​សារៈ​សំខាន់​ សម្រាប់​ពង្រឹង​កម្លាំង​មិន​មែន​ដើម្បី​ប្រយុទ្ធ​ជា​មួយ​គេ​ទេ ប៉ុន្តែ​សារៈ​សំខាន់​ក្នុង​ការ​បង្កើន​នូវ​សមត្ថភាព​កង​ទ័ព​ដើម្បី​ឲ្យ​យើង​អាច​ឈាន​ទៅ​ប្រើ​បច្ចេក​វិទ្យាជា​ន់​ខ្ពស់​ដទៃៗ​ទៀត​បាន»។

លោកបណ្ឌិត មាស នី បានបន្ថែមថា ៖ «វា​ក៏​ជា​ផ្នែក​មួយ​ដែល​មាន​សារៈ​សំខាន់ ក្នុង​ការ​កំណែ​ទម្រង់​យោធា​ឲ្យ​ដើរ​ទាន់​សម័យ​ដូច​គេ​ដែរ ប៉ុន្តែ​យើង​ការ​ពារ​យ៉ាង​ណា កុំ​ឲ្យ​បាត់​បង់​នូវ​គុណ​តម្លៃ​មួយ​នៃ​ក្រសួង​ការ​ពារ​ជាតិ ដោយ​មិន​មាន​នរណា​ម្នាក់​យក​ទៅ​ប្រើ​ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​ឡើយ»។

លើស​ពី​នេះ​ទៀត​អ្នកស្រា​វ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គមរូបនេះ ក៏​​បាន​លើក​ជាឧទាហរណ៍ផងដែរ​ថា ដូច​ជា​នៅ​ប្រទេស​អ៊ុយ​ក្រែន ឃើញ​ថានៅ​ពេល​មាន​អាសន្ន​មក ទាហាន​របស់​ប្រទេស​នេះ ​​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​យក​នូវ​បច្ចេកវិទ្យា​ថ្មីៗ ​និង​ផ្នែក​ខាង​អាវុធ​ទំនើបៗ​ជា​ដើម។

លោក​បានបន្ថែម​ថា បើ​មើល​មក​ប្រទេស​កម្ពុជា កង​ទ័ព​ភាគ​ច្រើន គឺ​ជា​កង​ទ័ព​ដែល​បន្ត​ការ​ងារ​ពី​ការ​តស៊ូ​កាល​ពី​សម័យ​សង្គ្រាម ដែល​វ៉ៃ​គ្នា​ឯង ដូច្នេះ​ហើយ​កង​ទ័ព​ទាំង​នោះ មិន​មាន​ភាព​ជឿន​លឿន​ខាង​បច្ចេក​វិទ្យា​ឡើយ​។ ក្រៅ​ពី​នេះ​ទៀត ការ​រើស​កង​ទ័ព​ថ្មី​នេះ​ វា​ក៏​អាច​ជា​រឿង​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតជាតិ​ខាង​មុខ​ដែរ ពីព្រោះ​បើ​រាជ​រដ្ឋាភិបាល​យក​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ផ្ទាល់​ខ្លួន ដូច​ជា​បង្ក្រាប​ក្នុង​ពេល​បោះ​ឆ្នោត លោក​ថា គឺ​វា​មិន​ត្រឹម​ត្រូវ​ទេ។

​​ប្រទេស​កម្ពុជា ក៏​មាន​ច្បាប់​រួច​ហើយ​អំពី​តួនាទី​របស់​កង​ទ័ព ដូច្នេះ​មាន​តែ​មើល​លើ​ការ​​​អនុវត្ត​ដែល​ច្បាប់​បាន​ចែង​ថា កង​ទ័ព​ជា​កង​ទ័ព​របស់​ជាតិ មិន​មែន​កង​ទ័ព​របស់​បក្ស​ឡើយ ហើយ​បក្ស ក៏​មិន​អាច​មាន​កង​ទ័ព​ដាក់​នៅ​ក្រោម​ការ​បញ្ជា​របស់​ខ្លួន​បាន​ដែរ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត មាស នី។

តាមរយៈលិខិត​ចុះថ្ងៃទី ១៤ ខែវិច្ឆិកាសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សម្រេច​​​អនុញ្ញាត​​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ ជ្រើស​រើស​សិស្ស-និស្សិត​ចំនួន​ ៦២០ នាក់ ក្នុង​មាន​ការ​ជ្រើស​​រើស​ចូល​នាយ​ទាហាន​សកម្ម​ចំនួន​២០០នាក់ នៅ​សាលា​នាយ​ទា​ហាន​សកម្ម និង​ចូល​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​ទ័ព​ជើង​គោក​ចំនួន​២៥០នាក់ ហើយ​និង​នាយ​ទាហាន​បន្ត​វេន​ចំនួន១​៧០នាក់ នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ចាប់​ពី​ឆ្នាំ​២០២៣​ ត​ទៅ។

នៅ​ក្នុង​សេចក្ដី​សម្រេច​ដ​ដែលនេះ​ ក៏បានបញ្ជាក់ដែរ​ថា គ្រប់​ស្ថាប័ន​ដែល​ទទួល​​បន្ទុក​ទាំង​អស់ មាន​ក្រសួង​ការ​ពារ​ជាតិ ក្រ​សួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​អគ្គ​មេ​បញ្ជា​ការ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ត្រូវ​អនុវត្ត​តាម​សេចក្ដី​សម្រេច​ដែល​បាន​ចុះ​ហត្ថលេខា​នេះ៕

ads banner