រដ្ឋមន្រ្តីក្រសួងការងារ៖ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០ភាគរយ
ភ្នំពេញ៖ វិវាទការងាររួមដែលដោះស្រាយមិនសះជាដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថាជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០ភាគរយនូវវិវាទការងាររួមដែលក្រសួងបានបញ្ជូនទៅ។
នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល រៀបចំឡើងដោយក្រសួងការងារ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។
សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនេះបាន រៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ មកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, អង្គការ ILO, ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, សមាគមនិយោជក, សហភាពសហជីព, សហព័ន្ធសហជីព, សភាពាណិជ្ជកម្មកម្ពុជា, និងសភាពាណិជ្ជកម្មអន្តរជាតិនានាប្រចាំនៅកម្ពុជា។
ការរៀបចំសិក្ខាសាលានេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គម សំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ និង ពេញលេញ ដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ។ ជាមួយគ្នាសិក្ខាសាលានេះក៏ត្រូវបានសហការរៀបចំក្នុងគោលបំណងសំខាន់ ២ គឺ ទី១-បង្ហាញនូវចំណុចស្នូលលើនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ទី២-ប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យបាននូវនីតិវិធី នៃ ការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាព និង ភាពជឿទុកចិត្តបានពីគូភាគីវិវាទ សំដៅបន្តធានានូវគុណតម្លៃទាំង៣ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម។
ឯកឧត្តម អ៊ិត សំហេង លើកឡើងថា ការធានានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងន័យនេះ ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ ទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។ អត្រាជាសៈនៅក្នុងការដោះស្រាយវិវាទការងារដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ មានការកើនឡើងជាលំដាប់ ដែលកត្តានេះសរបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាព និងសមត្ថភាពរបស់មន្ត្រីផ្សះផ្សាវិវាទ និងភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែប្រកាន់ខ្ជាប់នូវការរៀបចំនូវកិច្ចសន្ទនាសង្គមដើម្បីដោះស្រាយនូវរាល់បញ្ហាពាក់ព័ន្ធនឹងត្រីភាគី។ ជាក់ស្តែង នៅក្នុងការរៀបចំនីតិវិធី និងការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាកម្មវត្ថុនៃការពិគ្រោះយោបល់នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានធ្វើការណែនាំនូវចំណុចមួយចំនួនសម្រាប់គ្រប់ភាគីធ្វើការពិនិត្យ ពិចារណា និងលើកយោបល់ ក៏ដូចជាសំណើដំណោះស្រាយ រួមមាន៖
- នីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ប្រភេទវិវាទបុគ្គល, ចំនួនអាជ្ញាកណ្តាល, សិទ្ធិតំណាងរបស់ភាគីវិវាទ, រយៈពេលនៃការដោះស្រាយ, ប្រភេទសេចក្តីបង្គាប់, និងបន្ទុកភស្តុតាង។
- ការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញា៖ កត្តាធនធានមនុស្ស, កត្តាសម្ភារៈ និងកត្តាហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ៕ ដោយ ៖ ម៉ាដេប៉ូ

