តួកគីចាប់ខ្លួនជនសង្ស័យ ៥០នាក់ ពាក់ព័ន្ធនឹងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងទីក្រុងអ៊ីស្តង់ប៊ុល
អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Bekir Bozdag ក្នុងថ្ងៃអង្គារទី១៥ ខែវិច្ឆិកា បានថ្លែងថា សមត្ថកិច្ចតួកគីបានចាប់ឃុំខ្លួនជនសង្ស័យចំនួន ៥០នាក់ ដែលមានជាប់ទាក់ទិននឹងការវាយប្រហារដោយគ្រាប់បែកដ៏សាហាវនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល នាពេលថ្មីៗនេះ។
លោក Bozdag បានប្រាប់សភាថា អ្នកជាប់ឃុំទាំងនោះ រួមមានស្ត្រីជនជាតិស៊ីរីម្នាក់ ដែលត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុ ដោយសង្ស័យថា បានទម្លាក់គ្រាប់បែកដែលបានផ្ទុះនៅលើផ្លូវ Istiklal។ ចំណែកឯមនុស្សពាក់ព័ន្ធនឹងស្រ្តីដែលជាភេរវកររូបនេះ ក៏ត្រូវបានចាប់ឃុំខ្លួនផងដែរ។
ប៉ូលិសតួកគីបាននិយាយកាលពីថ្ងៃចន្ទថា ស្ត្រីជនជាតិស៊ីរីខាងលើនេះបានសារភាពថា នាងបានទទួលបញ្ជាវាយប្រហារពីគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ និងបញ្ជាវាយប្រហារពីអង្គភាពការពារប្រជាជន (YPG) នៅស៊ីរី។ ក្រុមទាំងពីរនេះ ត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយប្រទេសតួកគី។
គួរបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់មួយកាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានវាយប្រហារលើដងវិថីមួយកន្លែង ដែលមានមនុស្សច្រើនកកកុញ ហើយជាលទ្ធផល មានមនុស្សស្លាប់៦នាក់ និងរបួស៨១នាក់។
រដ្ឋមន្ត្រីសុខាភិបាលតួកគី លោក Fahrettin Koca បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា អ្នករងរបួស ៥៨នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញហើយ ខណៈមនុស្ស១៧នាក់ទៀតនៅតែបន្តទទួលការព្យាបាល ហើយ៦នាក់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

