ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះ បណ្តាលឱ្យរងការខូចខាតទាំងស្រុង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះ បណ្តាលឱ្យរងកាខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង តែសំណាងល្អនោះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង៣០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិឡរកំបោរ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុ ដែលជាផ្ទះធ្វើត្រីមួយកន្លែង សាងសង់អំពីឈើលើថ្មក្រោម ក៏ស្រាប់តែបង្កជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ រហូតដល់មានការឆេះរាលដាលទៅផ្ទះជិតខាងជាបន្តបន្ទាប់ ខណៈពេលភ្លាមៗនោះ អ្នកភូមិ ក៏បាននាំគ្នារាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ បន្ទាប់ពីទទួលដំណឹងនេះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ មិនបានបង្កឱ្យនរណាម្នាក់ រងរបួសនោះទេ ដោយក្នុងនោះឧបសគ្គធំជាងគេគឺ ផ្លូវតូចចង្អៀត ដែលទាមទារឱ្យមន្ត្រីជំនាញអូសទាញទុយោទឹក ដើម្បីចូលទៅកាន់តំបន់កើតហេតុចំណាយពេលយូ។

សូមបញ្ជាក់ថា ចំពោះ មូលហេតុដែលបង្កឱ្យមានការឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះ បណ្តាលឱ្យរងកាខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុងខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈរហូតមកដល់ម៉ោងជាង៩ព្រឹក ថ្ងៃដដែល អគ្គិភ័យនៅមិនទាន់រលត់ទាំងស្រុងនៅឡើយនោះទេ ដោយខាងកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះកំពុងបន្តជួយអន្តរាគមន៍ ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរផងដែរ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner