លោកជំទាវ ម៉ែន នារីសោភ័គ ទទួលជួបសវនការជាមួយប្រធាននាយកដ្ឋានបញ្ជាទិញ និងភស្តុភារ នៃសមាគមជាតិអឌ្ឍចន្ទក្រហមកូវ៉ែត

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបសវនការជាមួយ Mr. Abdul Rahman Saleh Al-Saleh ប្រធាននាយកដ្ឋានបញ្ជាទិញ និងភស្តុភារ នៃសមាគមជាតិអឌ្ឍចន្ទក្រហមកូវ៉ែត ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងសមាគមជាតិទាំងពីរ។

ក្នុងជំនួបខាងលើនេះ Mr. Abdul Rahman Saleh Al-Saleh បានជម្រាបជូនថា នេះជាលើកដំបូងហើយដែលគណៈប្រតិភូអឌ្ឍចន្ទក្រហមកូវ៉ែត បានមកទស្សនកិច្ចផ្ទាល់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ លោក បានបញ្ជាក់ថា បច្ចុប្បន្នអឌ្ឍចន្ទក្រហមគុយវ៉េត បានធ្វើសកម្មភាពមនុស្សធម៌ជួយដល់បណ្តាសមាគមជាតិជាង៩០ប្រទេស ដែលជាសមាជិករបស់សហព័ន្ធអន្តរជាតិ ដែលជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ។ ប៉ុន្តែសម្រាប់កាកបាទក្រហមកម្ពុជា ខាងអឌ្ឍចន្ទក្រហមកូវ៉ែត មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក ចាប់ពីពេលនេះតទៅ លោកសង្ឃឹមថា អឌ្ឍចន្ទក្រហមកូវ៉ែត និងកាកបាទក្រហមកម្ពុជា នឹងអាចចាប់ផ្តើមទំនាក់ទំនងធ្វើការជាមួយគ្នាក្នុងការងារមនុស្សធម៌នេះ ហើយនៅល្ងាចថ្ងៃទី១៥នេះដែរ លោកនឹងជួបជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃកម្ពុជា ដើម្បីស្វែងយល់ពីការជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ ពាក់ព័ន្ធនឹងការផ្តល់ថវិកាទៅមន្ទីរពេទ្យកុមារគន្ធបុប្ផានេះដែរ ខាងអឌ្ឍចន្ទក្រហមកូវ៉ែត គឺមានបំណងផ្ញើថវិកានេះ តាមរយៈកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណចំពោះអឌ្ឍចន្ទក្រហមកូវ៉ែត ដែលមានចំណាប់អារម្មណ៍ជួយកាកបាទក្រហមកម្ពុជា ហើយចាប់ពីពេលនេះទៅយើងនឹងធ្វើការជាមួយគ្នា។ លោកជំទាវ បានជម្រាបជូនថា ការងារធំៗដូចជាការឆ្លើយតបគ្រោះមហន្តរាយគ្រោះទឹកជំនន់ជាដើមនោះ រាជរដ្ឋាភិបាលកម្ពុជា មានប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាំងនោះ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ត្រូវសម្លឹងសម្រាប់ទិសដៅអនាគតនោះ គឺការកសាងសហគមន៍ឱ្យមានភាពធន់នឹងគ្រោះមហន្តរាយ ដូច្នេះកាកបាទក្រហមកម្ពុជា សូមសំណូមពរឱ្យអឌ្ឍចន្ទក្រហមកូវ៉ែត ជួយលើការងារខាងលើនេះ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner