អាល្លឺម៉ង់បដិសេធបង្កើតតំបន់គ្មានការហោះហើរ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី
ប៊ែរឡាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានគូសបញ្ជាក់ថា ការបង្កើតតំបន់គ្មានការហោះហើរ នឹងបង្កការគំរាមកំហែងដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ បន្ទាប់ពីការផ្ទុះមីស៊ីលក្នុងប្រទេសប៉ូឡូញ ជិតព្រំដែនអ៊ុយក្រែន បានសម្លាប់មនុស្សពីរនាក់កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បន្តថា រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើងទាំងអស់ បានព្រមព្រៀងថា យើងចង់ជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀតក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងប៊ែរឡាំងនឹងផ្តល់ការគាំទ្រដល់ការការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ។
អាល្លឺម៉ង់បានប្រកាសពីការបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ទៅគាំទ្រការល្បាតលើប្រទេសប៉ូឡូញផងដែរ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតសម្លាប់មនុស្សពីរនាក់នៅក្នុងភូមិមួយនៅជិតព្រំដែនជាមួយអ៊ុយក្រែន។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ ឆ្លើយតបនឹងឧប្បត្តិហេតុនៅប៉ូឡូញ យើងនឹងផ្តល់ការពង្រឹងសន្តិសុខដែនអាកាស តាមរយៈការហោះល្បាតលើដែនអាកាស ជាមួយនឹងយន្តហោះចម្បាំង Eurofighters របស់អាល្លឺម៉ង់។ រឿងនេះអាចកើតឡើងចាប់ពីថ្ងៃស្អែក ប្រសិនបើប៉ូឡូញចង់បាន៕ ប្រភព៖ Reuters និង AFP ដោយ៖ ទីណា និងបុត្រា




