កម្មវិធីប្រកួត លើកទី១ ស្តីពី«ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ» ក្រោមប្រធានបទ «ទឹកដី នឹងការច្នៃប្រឌិត» របស់គម្រោងអង្គការអាគ្រីស៊ុតកម្ពុជា

សៀមរាប ៖ កម្មវិធីប្រកួត «ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ» ក្រោមប្រធានបទ «ទឹកដី នឹងការច្នៃប្រឌិត»របស់គម្រោងអង្គការអាគ្រីស៊ុតកម្ពុជា ក្នុងគោលបំណងនៃកម្មវិធី គឺដើម្បីលើកកម្ពស់ដល់ផលិតផលកសិកម្មនឹងណែនាំឱ្យមេចុងភៅស្គាល់ និងចូលរួមក្នុងការប្រើផលិតផលក្នុងស្រុកមកចម្អិនអាហារបង្ហាញពីថ្វីដៃរបស់ចុងភៅនៅក្នុងខេត្តសៀមរាប ផ្សព្វផ្សាយ និងធ្វើនវានុវត្តន៍នៃប្រព័ន្ធម្ហូបអាហារក្នុងខេត្តសៀមរាប បង្ហាញ និងលើកតម្លៃមុខម្ហូបប្រចាំក្រុងសៀមរាប ដែលជាមុខម្ហូបក្នុងការប្រកួតនោះ គឺ«ទឹកគ្រឿងសៀមរាប»។

កម្មវិធីប្រកួតនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ បេក្ខជនដែលត្រូវចូលរួមប្រកួត គឺត្រូវបានអញ្ជើញតាមរយៈសមាគមចុងភៅកម្ពុជា (CCA) មកពីតាមបណ្ដាភោជនីយដ្ឋាន ក្នុងខេត្តសៀមរាប។ បេក្ខភាពប្រកួតមានចំនួន ៣ស្ថាប័ន ត្រូវនឹង៦រូប ដែលចូលរួមជាអ្នកប្រកួតរួមមាន៖ បេក្ខភាពមកពីភោជនីយដ្ឋានអង្គារដី ភោជនីយដ្ឋានមេអំបៅ និងភោជនីយដ្ឋានក្នុងភូមិព្រះដាក់។

នៅក្នុងកម្មវិធីប្រកួតមានសមាជិកគណៈវិនិច្ឆ័យ៖ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា លោកស្រីតំណាង ចុងភៅមកពីសណ្ឋាគារនៅក្នុងខេត្តសៀមរាប និងសមាសភាពគណៈកម្មការមួយចំនួនទៀត មកពីប្រទេសបារាំងចំនួន ៤នាក់ផងដែរ។ ក្នុងព្រឹត្តិការណ៍នៃការប្រកួតម្ហូបនោះ បេក្ខភាពទាំងអស់ តម្រូវឱ្យរៀបចំចម្អិនមុខម្ហូបប្រចាំខេត្ត១មុខគឺ (ទឹកគ្រឿងសៀមរាប) ដែលតម្រូវឱ្យប្រើបន្លែ ២ផ្នែកគឺ បន្លែក្នុងស្រុក និងបន្លែនាំចូលមកដាំថ្មី នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា នៅទូទាំងពិភពលោក « បដិវត្តបៃតង » ដែលបានកើតឡើងជាបន្តបន្ទាប់បានពឹងផ្អែកលើការប្រើប្រាស់ពូជដំណាំកែច្នៃ ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងការប្រើប្រាស់ម៉ូទ័រជាដើម។ នៅក្នុងតំបន់ ដែលមានលក្ខខណ្ឌអំណោយផល ពួកគេអាចបង្កើនទិន្នផលកសិកម្មបានយ៉ាងខ្លាំងខ្លា ប៉ុន្តែឥឡូវនេះ យើងបានដឹងពីផលប៉ះពាល់ជាអវិជ្ជមានរបស់វាទៅលើបរិស្ថាន និងសុខភាពមនុស្ស ហើយប្រសិទ្ធភាពថាមពលរបស់វាក៏នៅមានកម្រិតដែរ។ កសិកម្មអេកូឡូស៊ី គឺជាជម្រើសមួយដ៏ល្អសម្រាប់ដោះស្រាយបញ្ហានេះ។ នោះគឺជា របៀបធ្វើកសិកម្ម ដែលត្រូវបានរចនាឡើងជាប្រព័ន្ធមួយ ដោយបញ្ចូលទាំងរុក្ខជាតិ និងសត្វ ជាមួយគ្នា គឺធ្វើត្រាប់តាមប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ វិធីនេះបានផ្តល់លទ្ធភាពបង្កើតថ្នាំពុលសម្លាប់សត្វល្អិតធម្មជាតិ ជីសរីរាង្គ និងការជ្រើសរើសពូជឲ្យបានសមស្រប ដើម្បីបង្កើនប្រាក់ចំណូល និងស្វ័យភាពសម្រាប់ប្រជាកសិករខ្នាតតូច ៕ ដោយ ស៊ាន សុផាត

ads banner