ការរិះគន់របស់ G-20 លើការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បង្ហាញពីការកើនឡើងនៃឥទ្ធិពលឥណ្ឌា
ឥណ្ឌា៖ ពេលមេដឹកនាំពិភពលោកនៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសលូតលាស់ទាំង ២០ (G-20) ចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី គេឃើញមានឃ្លាមួយដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានលើកឡើងនៅពេលជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីខែកញ្ញា។
«យុគសម័យសព្វថ្ងៃនេះ មិនត្រូវជាយុគសង្រ្គាមនោះទេ» គឺជាឃ្លាដែលលោក ម៉ូឌី ប្រាប់ទៅលោក ពូទីន ដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ កាលពីពេលនោះ។ ដោយសារតែឃ្លាខ្លីនេះភ្ជាប់ក្នុងសេចក្ដីប្រកាសរួមរបស់ G-20 គេសង្កេតឃើញមានប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីឥណ្ឌាមួយចំនួន បានលើកឡើងបែបសុទិដ្ឋិនិយមថា វាគឺជាសញ្ញាមួយដែលថាឥណ្ឌាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ភាពខុសគ្នារវាងរុស្ស៊ី ដែលស្ថិតក្នុងអន្លង់នៃភាពឯកោ និងសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត ដែលស្រុះស្រួលគ្នាដើម្បីកាត់ផ្ដាច់រុស្ស៊ី។
កាសែតឥណ្ឌា Times of India ដែលជាស្ថាប័នចុះផ្សាយជាភាសាអង់គ្លេសដ៏ធំបំផុតរបស់ប្រទេស បានសរសេរចំណងជើងធំៗយ៉ាងដូច្នេះថា៖ «របៀបដែលឥណ្ឌាបង្រួបបង្រួម G-20 ផ្អែកលើគំនិតរបស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី អំពីសន្តិភាព»។ ចំណែកឯរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vinay Kwatra វិញ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ពោលគឺថ្ងៃបង្ហើយនៃកិច្ចប្រជុំកំពូល G-20 ថា៖ «សាររបស់នាយករដ្ឋមន្ត្រី ដែលថានេះមិនមែនជាយុគសម័យនៃសង្រ្គាម បានបន្លឺឡើងយ៉ាងខ្លាំងទៅទូទាំងគណៈប្រតិភូទាំងអស់ និងជាស្ពានសម្រាប់ឆ្លងពីភាគីមួយទៅភាគីមួយ»។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ក្នុងល្បែងនយោបាយនោះគឺថា ការប្រកាសជារួមរបស់ G-20 ធ្វើឡើងពេលដែលប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រគល់តំណែងគ្រប់គ្រងកិច្ចប្រជុំ G-20 ដល់លោក ម៉ូឌី ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះបន្ទាប់នៅរដ្ឋធានីញូវដេលី ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ពោលគឺ ៦ ខែ មុនពេលការបោះឆ្នោតសកលបន្ទាប់របស់ឥណ្ឌាប្រព្រឹត្តទៅ។
ខណៈដែលឥណ្ឌាព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី និងលោកខាងលិច អ្នកវិភាគបាននិយាយថា លោក ម៉ូឌី កំពុងលេចចេញជាមេដឹកនាំ ដែលមានទំនាក់ទំនងល្អជាមួយគ្រប់ភាគី ហើយទទួលបានការគាំទ្រពីអ្នកបោះឆ្នោតក្នុងស្រុក ទន្ទឹមនឹងពង្រឹងឥទ្ធិពលឥណ្ឌាក្នុងនាមជាអ្នកសម្របសម្រួលអំណាចអន្តរជាតិ។
សមាជិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ស្រាវជ្រាវគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី លោក Sushant Singh បានបង្ហាញទស្សនៈប្រាប់បណ្ដាញព័ត៌មាន CNN យ៉ាងដូច្នេះថា៖ «ការនិយាយតៗគ្នាក្នុងស្រុកគឺថា កិច្ចប្រជុំកំពូល G-20 ត្រូវបានប្រើប្រាស់ជាបដាដ៏ធំមួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ម៉ូឌី ដើម្បីបង្ហាញថា លោកជារដ្ឋបុរសពិភពលោកដ៏អស្ចារ្យ»។ លោក Singh បន្ថែមថា៖ «ថ្នាក់ដឹកនាំឥណ្ឌាបច្ចុប្បន្ន មើលឃើញខ្លួនឯងថាជាប្រទេសដ៏មានឥទ្ធិពលមួយ ដែលអង្គុយនៅលើតុខ្ពស់»។
យ៉ាងណាមិញ បើងាកទៅកិច្ចប្រជុំ G-20 បន្តិចវិញ គេក៏សង្កេតឃើញផងដែរថា វត្តមានរបស់ឥណ្ឌាក៏គ្របបាំងដោយជំនួបរវាងមេដឹកនាំអាមេរិក និងចិន គឺលោក ចូ បៃដិន និងលោក ស៊ី ជិនពីង និងឧបទ្ទេវហេតុធ្លាក់គ្រាប់មីស៊ីល លើភូមិប៉ូឡូញ ដែលនៅជិតព្រំដែនអ៊ុយក្រែន ហើយសម្លាប់មនុស្ស ២ នាក់។ ព្រឹត្តិការណ៍សំខាន់ទាំងនោះ ត្រូវបានសារព័ត៌មានធំៗរបស់ពិភពលោក ចេញផ្សាយយ៉ាងគគ្រឹកគគ្រេង និងលម្អិត រាប់តាំងពីរបៀបដែលលោក បៃដិន និងលោក ស៊ី នៅថ្ងៃចន្ទដើម្បីស្វែងរកដំណោះស្រាយរួមលើការការពារកុំឱ្យការប្រជែងគ្នាក្លាយទៅជាជម្លោះបើកចំហ រហូតដល់ការជួបប្រជុំជាបន្ទាន់របស់មេដឹកនាំ G-7 និងអង្គការណាតូ អំពីបញ្ហានៅប៉ូឡូញនាថ្ងៃពុធ។
ចំណែកឯមេដឹកនាំឥណ្ឌា លោក ម៉ូឌី វិញ ក៏បានធ្វើការពិភាក្សាជាបន្តបន្ទាប់ជាមួយមេដឹកនាំពិភពលោកមួយចំនួន រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក រីស្ស៊ី ស៊ូណាក់ ដែលរាប់ចាប់ពីសន្តិសុខស្បៀងអាហារ និងបរិស្ថាន រហូតដល់ងើបឡើងវិញនៃសេដ្ឋកិច្ច។ សកម្មភាពបែបនេះ ត្រូវបានគេមើលឃើញថាជារូបភាពច្បាស់មួយចំពោះការថ្កោលទោសការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ខណៈបន្តដាក់ឥណ្ឌាឱ្យនៅឃ្លាតពីរុស្ស៊ី។
សាស្ត្រាចារ្យផ្នែកការទូត និងការរំសាយអាវុធនៅសាកលវិទ្យាល័យ Jawaharlal Nehru (JNU) ក្នុងទីក្រុងញូវដេលី លោក Happymon Jacob បានថ្លែងប្រាប់ CNN ថា ខណៈដែលឥណ្ឌាមានរបៀបវារៈមួយល្មមសម្រាប់ G-20 ជុំវិញបញ្ហាថាមពល អាកាសធាតុ និងភាពចលាចលសេដ្ឋកិច្ច ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន មេដឹកនាំលោកខាងលិចកំពុងត្រងត្រចៀកស្តាប់ឥណ្ឌាដែលជាភាគីពាក់ព័ន្ធដ៏សំខាន់នៅក្នុងតំបន់ ព្រោះឥណ្ឌាជាប្រទេសដែលជិតស្និទ្ធទាំងលោកខាងលិច និងរុស្ស៊ី។
គួររំឭកថា ឥណ្ឌាមានទំនាក់ទំនងជាមួយរុស្ស៊ីរាប់ចាប់តាំងពីសង្រ្គាមត្រជាក់ ហើយសព្វថ្ងៃនេះ ឥណ្ឌា ដែលមិនសូវមើលមុខគ្នាចំប៉ុន្មានជាមួយចិនជុំវិញបញ្ហាព្រំដែន ក៏ពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់សព្វាវុធរបស់ក្រុងម៉ូស្គូ។ ប៉ុន្តែទន្ទឹមនឹងនេះ ឥណ្ឌាក៏កាន់តែខិតទៅជិតលោកខាងលិច មិនថាផ្នែកសេដ្ឋកិច្ច ឬសន្តិសុខ ជាពិសេសនៅពេលដែលប្រទេសនេះក្លាយជាភូមិសាស្រ្តយុទ្ធសាស្រ្តដើម្បីទប់ទល់នឹងការរីកសាយភាយនៃឥទ្ធិពលរបស់ចិន។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យ King’s College London លោក Harsh V. Pant បានមានប្រសាសន៍ថា៖ «វិធីមួយក្នុងចំណោមវិធីដែលធ្វើឱ្យឥណ្ឌាមានឥទ្ធិពលនៅ G-20 គឺថា វាហាក់ដូចជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្រុម ដែលអាចចូលរួមជាមួយគ្រប់ភាគី។ វាជាតួនាទីមួយដែលឥណ្ឌា អាចតភ្ជាប់រវាងដៃគូប្រឆាំងគ្នាច្រើននាក់»។
រាប់ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសនៅចុងខែកុម្ភៈមក ឥណ្ឌាដែលមិនថ្កោលទោស ឬដាក់ទណ្ឌកម្មរុស្ស៊ីនោះ តែងតែទទូចភាសាការទូតម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកវិភាគមើលឃើញថា នៅពេលដែលសង្រ្គាមរុស្ស៊ីសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងធ្វើឱ្យសេដ្ឋកិច្ចវឹកវរ ដែនកំណត់របស់ឥណ្ឌាចំពោះរុស្ស៊ីត្រូវបានសាកល្បង។ ភស្តុតាងដែលឆ្លុះបញ្ជាំងពីការនេះនោះគឺ ភាសាកាន់តែធ្ងន់ជាងមុនរបស់លោក ម៉ូឌី ទៅកាន់លោក ពូទីន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងបរិបទនៃការកើនឡើងតម្លៃអាហារ ប្រេងឥន្ធនៈ និងជី និងការលំបាកដែលកំពុងបង្កើតសម្រាប់ប្រទេសផ្សេងទៀតពីសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ហើយខណៈដែលកិច្ចប្រជុំកំពូល G-20 ឆ្នាំនេះ គ្របដណ្ដប់ទៅដោយសង្រ្គាមរបស់រុស្ស៊ី ឥណ្ឌាអាចនាំយករបៀបវារៈរបស់ខ្លួនមកប្រើនៅក្នុងកិច្ចប្រជុំឆ្នាំក្រោយ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។
លោក Jacob នៃសាកលវិទ្យាល័យ JNU បានថ្លែងយ៉ាងដូច្នេះថា៖ «ការចូលកាន់តំណែងជាប្រធាន(G-20) របស់ឥណ្ឌា កើតឡើងនៅពេលដែលពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើថាមពលកកើតឡើងវិញ ការកើនឡើងតម្លៃ និងអតិផរណា»។ លោកបន្តថា៖ «មានអារម្មណ៍មួយដែលឥណ្ឌា ត្រូវបានគេមើលឃើញថាជាប្រទេសសំខាន់មួយ ដែលអាចផ្តល់នូវតម្រូវការរបស់តំបន់នៅអាស៊ីខាងត្បូង និងតំបន់ផ្សេងទៀត»។
គួរជ្រាបថា សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃថាមពលកើនឡើងនៅទូទាំងពិភពលោក ដែលប្រឈមនឹងបញ្ហាដូចជាតម្លៃស្បៀងអាហារ និងអតិផរណារួចទៅហើយ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G-20 កាលពីថ្ងៃពុធ លោក ម៉ូឌី បានថ្លែងថា ឥណ្ឌាកំពុងទទួលបន្ទុកនៅពេលដែលពិភពលោកប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ច ការកើនឡើងតម្លៃអាហារ និងថាមពល និងផលប៉ះពាល់រយៈពេលវែងនៃជំងឺរាតត្បាត។ លោកបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ធានាថា ឥណ្ឌាក្នុងនាមជាប្រធាន G-20 នឹងធ្វើឱ្យមានការចូលរួមពីគ្រប់ភាគី និងមានមហិច្ឆតា ឆន្ទះខ្លាំង និងទិសដៅប្រកបសកម្មភាព»។
ត្រង់ចំណុចនេះ លោក Pant នៃសាកលវិទ្យាល័យ King’s College London បានលើកឡើងថា ការដាក់ជំហររបស់ឥណ្ឌាសម្រាប់កិច្ចប្រជុំកំពូលនៅឆ្នាំក្រោយ ភាគច្រើនជាសំឡេងសម្លេងសម្រាប់ប្រទេសក្រីក្រ។ លោកថ្លែងយ៉ាងដូច្នេះទៀតថា៖ «គំនិតរបស់ ម៉ូឌី គឹដើម្បីដាក់ឥណ្ឌាជាប្រទេសមួយដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ ដោយការបន្ទរពីការព្រួយបារម្ភដែលប្រទេសក្រីក្របំផុតមួយចំនួនមាន អំពីសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន»៕ ដោយ៖ ហួន ឌីណា