សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បើកមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា បើកដំណើរការជាផ្លូវការ ហើយពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននេះ ចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។

ក្នុងពិធីបើកមហាសន្និបាតនេះ មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាននៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។

យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញអាយប៉ាជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់អាយប៉ា ក្រោយពី ការរាតត្បាតនៃជំងឺកូរីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។ មហាសន្និបាតអាយប៉ាលើកទី៤១ ក្នុងឆ្នាំ២០២០ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងមហាសន្និបាតអោយប៉ាលើកទី៤២ ក្នុងឆ្នាំ២០២១ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំឡើងតាមរយៈប្រព័ន្ធប្រព័ន្ធវីដេអូ។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីក វិស័យការទូតសភា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៅក្នុងតំបន់ និងសកលលោក តាមរយៈនៃការចូលរួមវេទិកាអន្តរជាតិជាច្រើន មានជាអាទិ៍ អន្តរសភាអាស៊ា ន(AIPA) សភាតំបន់អាស៊ី (APA) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) សភានិយាយភាសាបារាំង(APF) និងសហភាពអន្តរសភា(IPU) ជាដើម។ សភាកម្ពុជាក៏ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃវេទិកាសភាទាំងនោះជាបន្តបន្ទាប់រួចមកហើយដែរ។

កម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះដឹកនាំមហាសន្និបាតអន្តរសភាអាស៊ាន ចំនួនពីរលើករួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៤ ជាមហាសន្និបាតអាយប៉ូ លើកទី២៥ ដែលកាលនោះ អន្តរសភាអាស៊ាន នៅមានឈោ្មះថា អង្គការអន្តរសភាអាស៊ាន ហៅកាត់ថា (AIPO) នៅឡើយ និងលើកទី២ នៅឆ្នាំ ២០១១សភាកម្ពុជា បានធ្វើប្រធានអាយប៉ាម្ដងទៀត នាមហាសន្និបាតអាយប៉ាលើកទី៣២។ នៅឆ្នាំ២០២២នេះ គឺជាលើកទី៣ ដែលថ្នាក់ដឹកនាំសភាបណ្តាប្រទេសសមាជិកអាយប៉ា ប្រទេសអ្នក សង្កេតការណ៍ រួមនឹងភ្ញៀវជាតិ អន្តរជាតិ អង្គការដៃគូរ នឹងមកជួបជុំគ្នាម្ដងទៀតនៅរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា សារជាថ្មីក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner