នាយករដ្ឋមន្រ្តីអង់គ្លេសសន្យាផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន

កៀវ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានសន្យាផ្តល់ជំនួយមានទឹកប្រាក់ចំនួន ៥០លានផោន ឬប្រហែល ៦០លានដុល្លារ ជាជំនួយយោធាបន្ថែមដល់ប្រទេសអ៊ុយក្រែន ខណៈដែលលោកបានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់រដ្ឋធានីកៀវ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក ហ្សេលេនស្គី បានសម្តែងការដឹងគុណចំពោះការគាំទ្ររបស់អង់គ្លេស ហើយថា រុស្ស៊ីបានចាប់ផ្តើមបាញ់ផ្លោងរោងចក្រផលិតឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន ខណៈដែលស្ទើរតែពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនត្រូវបានខូចខាត។

ចំណែកលោក ស៊ូណាក់ បាននិយាយថា អង់គ្លេសបានផ្តល់ជំនួយយោធាជាង ២.៣ពាន់លានផោន ឬប្រមាណ ២.៧ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយលោកសន្យាថា ប្រទេសទាំងពីរនឹងធ្វើរឿងដូចគ្នានេះម្តងទៀតនៅឆ្នាំក្រោយ ដោយសង្កត់ធ្ងន់លើការរួបរួមរវាងចក្រភពអង់គ្លេស និងអ៊ុយក្រែន។ អង់គ្លេសជាប្រទេសផ្គត់ផ្គង់ជំនួយយោធាធំទីពីរដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។

ដោយឡែកនៅក្នុងជំនួបទ្វេភាគី លោក ស៊ូណាក់ បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងនោះរួមបញ្ចូលទាំងកាំភ្លើងប្រឆាំងយន្តហោះ និងប្រព័ន្ធរ៉ាដា ដើម្បីទប់ទល់នឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ី។

លោក ស៊ូណាក់ ក៏បានសន្យាផ្តល់ម៉ាស៊ីនភ្លើង ទីជម្រក និងការផ្គត់ផ្គង់សម្ភារៈចាំបាច់ផ្សេងៗទៀត ខណៈដែលប្រជាជនអ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងាដ៏លំបាក។ បន្ថែមលើនេះ ចក្រភពអង់គ្លេសក៏នឹងបន្តគម្រោងជួសជុលស្ពាន និងលំនៅដ្ឋានដែលត្រូវបានបំផ្លាញក្នុងការប្រយុទ្ធគ្នា។ នាឱកាសនោះដែរ មេដឹកនាំទាំងពីរក៏បានត្រួតពិនិត្យរថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញផងដែរ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner