សុន្ទរកថាទាំងស្រុងរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43)

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៣ ក្រោមមូលបទ“បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន”ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ៖

1- ជាបឋម ក្នុងនាមសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៣។ ដោយសារតែស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្នបានធូរស្បើយនិងស្ថិតនៅក្រោមស្ថានភាពអាចគ្រប់គ្រងបាន ទើបអនុគ្រោះឱ្យសភាកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាដោយផ្ទាល់យ៉ាងអធិកអធម និងមានសុវត្ថិភាពក្នុងឆ្នាំនេះ បន្ទាប់ពីត្រូវបានរៀបចំតាមប្រព័ន្ធនិមិ្មត២ដងរួចមកហើយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការអបអរសាទរចំពោះសភានៃប្រទេស ប្រ៊ុយណេដារូសាឡឹម ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤២ ប្រកបដោយជោគជ័យ។

2- មហាសន្និបាតអាយប៉ាលើកទី៤៣ក្នុងឆ្នាំនេះ ពិតជាមានលក្ខណៈ ពិសេស ដោយហេតុថាឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៤៥ នៃការបង្កើតមហាសន្និបាតអាយប៉ាផង និងជាខួបលើកទី៥៥ នៃការបង្កើតអាស៊ានផង។ ព្រឹត្ដិការណ៍ទាំងបីនេះ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត នៃដំណើរដ៏វែងឆ្ងាយរបស់អាស៊ានក្នុងការកសាងសហគមន៍អាស៊ាន ដែលកន្លង មកបានយកឈ្នះរាល់បញ្ហាប្រឈមនិងវិបត្តិ។ តាមរយៈស្មារតីសាមគ្គីភាពនិងឯកភាពដ៏អាស្ចារ្យ អាស៊ានបានកសាងខ្លួនរឹងមាំជាងពេលណាៗទាំងអស់។

3- ក្នុងរយៈពេល៤៥ឆ្នាំ ចាប់តាំងពីអាយប៉ាត្រូវបានបង្កើត អាយប៉ាបានវិវត្តខ្លួនទៅជាអង្គការអន្តរសភាតំបន់ដ៏រឹងមាំ ដោយបានខិតខំព្យាយាមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពរហូតនូវគោលដៅដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែក្នុងចំណោមសភាជាសមាជិកអាយប៉ាប៉ុណ្ណោះទេ ប៉ុន្តែជាមួយសភាសង្កេតការណ៍ និងដៃគូស្ថាប័នផ្សេងទៀតផងដែរ។ អាយប៉ា បានបង្ហាញឱ្យឃើញនូវតួនាទីស្នូលរបស់ខ្លួនក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដែលជាផ្នែកសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនទិដ្ឋភាព និង ជាចំណែកចូលរួមដែលមិនអាចខ្វះបានក្នុងការកសាងសហគមន៍អាស៊ាន។ បន្ថែមពីលើនេះ អាយប៉ាបានដើរតួនាទីជាវេទិកាអន្តរសភាដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់សមាជិកសភា ដើម្បីតំណាងឱ្យសំឡេងរួមរបស់ប្រជាជនអាស៊ាន។

4- ចាប់តាំងពីចូលជាសមាជិកអាយប៉ាក្នុងឆ្នាំ១៩៩៩មក សភាកម្ពុជា ពិតជាមានមោទនភាពដែលបានចូលរួមចំណែកជាផ្នែកមួយនៃអាយប៉ា បាន ធ្វើដំណើរជាមួយអាយប៉ាលើផ្លូវដ៏ឆ្ងាយកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តនឹង បន្តដំណើរជាមួយអាយប៉ា ដើម្បីកសាងសន្តិភាព និងវិបុលភាពដល់សហគមន៍ អាស៊ានទាំងមូល។

5- នៅពេលដែលយើងសម្លឹងឆ្ពោះទៅអនាគតរួមគ្នា គឺច្បាស់ណាស់ថា វៀរលែងតែយើងមានឆន្ទៈរួមគ្នាដែលរឹងមាំជាងមុន និងសកម្មភាពដ៏ស្អិត រមួតរបស់យើងនោះទេ ទើបអាចឱ្យយើងតម្រែតម្រង់តំបន់របស់យើង ដោះស្រាយរាល់បញ្ហាប្រឈមជាច្រើន ដែលតំបន់អាស៊ានយើងកំពុងជួបប្រទះបាន។

នៅពេលដែលយើងកំពុង ងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដែលកើតចេញពីវិបតិ្តកូវីដ-១៩ បញ្ហាប្រឈមជាអាទិភាពជាច្រើនកំពុងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីយើងទាំងអស់គ្នា ដែល រួមមានភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃភាពតាន តឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ អតិផរណាខ្ពស់នាំឱ្យតម្លៃនៃការរស់នៅកើនឡើងខ្ពស់ កង្វះខាតថាមពលដែលនាំឱ្យកំណើនវិសមភាពក្នុងសង្គម និងអត្រាភាពក្រីក្រកាន់តែអាក្រក់។ បញ្ហាទាំងអស់នេះ ប្រសិនបើ មិនត្រូវបានដោះស្រាយទាន់ពេលវេលានោះទេ ប្រាកដជានឹងបន្ទុចបង្អាក់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់យើង ព្រមទាំងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

6- ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ យើងត្រូវធានាថាសហគមន៍ អាស៊ានរបស់យើងមានចីរភាព បរិយាប័ន្ន និងភាពធន់។ អាស្រ័យហេតុដូចនេះហើយ មូលបទនៃមហាសន្និបាតអាយប៉ាលើកទី៤៣នេះ គឺ “បោះជំហាន ជាមួយគ្នាដើម្បីចរីភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។ មូលបទនេះ គូសបញ្ជាក់អំពីភាពចាំបាច់របស់យើងទាំងអស់គ្នាក្នុងការធ្វើសកម្មភាពរួមគ្នា ក្នុងស្មារតីឯកភាពអាស៊ាន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់យើង។ ភាពជាដៃគូសភារបស់យើងត្រូវតែពង្រឹងពង្រីកបន្ថែមទៀត ដើម្បីឱ្យយើង សម្រេចបាននូវសហគមន៍អាស៊ាន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន របស់យើងទាំងអស់គ្នាក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

7- ក្នុងន័យនេះ យើងទាំងអស់គ្នាជាសមាជិកសភាអាយប៉ា ត្រូវចាប់យកឱកាសនេះ ដើម្បីធ្វើសកម្មភាពតាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិ បត្តិការសភារបស់យើងជាកម្លាំងរួម ដើម្បីសម្រេចបានផលប្រយោជន៍រួម។ តាមរយៈអាយប៉ា យើងត្រូវជំរុញសហថាមពលកាន់តែខ្លាំងក្លាជាមួយរដ្ឋា ភិបាល ដើម្បីជំរុញការស្តារឡើងវិញប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍន៍ ដើម្បីប្រជាជន និងផ្តោតលើប្រជាជន ដោយមិនទុកនរណាម្នាក់ចោល និងកសាងសង្គមប្រកបដោយភាពធន់ដែលអាចត្រៀមខ្លួនទប់ទល់នឹងវិបត្តិនាពេលអនាគត។

8- ជាទីបញ្ចប់ ក្នុងនាមសភាកម្ពុជា និងខ្លួនខ្ញុំ ខ្ញុំសូមប្រសិទ្ធពរឱ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ប្រព្រឹត្តទៅដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យដ៏ធំធេង និងសូមប្រសិទ្ធពរជ័យជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ មានសុខភាពល្អ និងស្នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅប្រកបដោយផាសុកភាព ៕ ដោយ / គ្រី សម្បត្តិ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner