មនុស្សជិត២០នាក់ស្លាប់ និង៣០០នាក់រងរបួសក្នុងគ្រោះរញ្ជួយដី នៅឥណ្ឌូណេស៊ី
ហ្សាកាតា៖ មនុស្សជិត ២០នាក់បានស្លាប់ និងយ៉ាងហោចណាស់៣០០ នាក់បានរងរបួសនៅក្នុងការរញ្ជួយដីដែលបានវាយប្រហារកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃចន្ទទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

មន្ត្រីក្នុងតំបន់មកពីតំបន់ Cianjur ដែលជាទីប្រជុំជន នៃខេត្តជ្វា ខាងលិច ដែលរងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អំពីការរញ្ជួយដីនេះ។
ប្រធានរដ្ឋបាល Cianjur លោក Herman Suherman បានប្រាប់ទូរទស្សន៍ Metro TV ថា៖ “ព័ត៌មានដែលខ្ញុំទទួលបាននៅពេលនេះ មនុស្សជិត ២០ នាក់បានស្លាប់ និងយ៉ាងហោចណាស់៣០០ នាក់កំពុងត្រូវបានព្យាបាល»។

ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហាររដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អស់រយៈពេលជាច្រើនវិនាទី នាថ្ងៃចន្ទ ទី២១ វិច្ឆិកានេះ។ BMKG បាននិយាយថា ចំណុចកណ្តាលគឺនៅលើដីនៅ Cianjur ក្នុងខេត្ត ជ្វា ខាងលិច (West Java) ប្រហែល ៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Jakarta ហើយនៅជម្រៅ ១០គីឡូម៉ែត្រ ប៉ុន្តែ BMKG ដោយបន្ថែមថា មិនមានសក្តានុពល សម្រាប់រលកយក្សស៊ូណាមិទេ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត
