កម្ពុជា និងកូរ៉េ ចុះ អនុស្សរណៈពី «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា»
ភ្នំពេញ៖ កម្ពុជា-កូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយស្តីពី «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា» ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ រវាងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និងលោក Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េ។
លោក Huh Eok បានលើកឡើងក្នុងឱកាសនេះថា តំបន់សាលារៀន គឺជាតំបន់ដែលគួរតែយកចិត្តទុកដាក់បំផុត ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ឱ្យបានល្អ ហើយគ្រោះថ្នាក់ចរាចរណ៍លើកុមារគឺជាអ្វីដែលត្រូវតែរួមគ្នាកាត់បន្ថយឱ្យបានច្រើនជាទីបំផុត។ «ដូច្នេះហើយការពង្រឹងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ជារឿងដែលមិនអាចមើលរំលងបាន ហើយការអប់រំអំពីសុវត្ថិភាពចរាចរណ៍ គួរតែចាប់ផ្តើមតាំងពីកម្រិតបឋមសិក្សាឡើងទៅ»។
ចំណែក លោកជំទាវ មឹន មាណវី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវបានបន្ថែមថា ៖ «ការចូលរួមគាំទ្រពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា»។
បន្ថែមពីលើនេះ លោកជំទាវបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើគម្រោងមួយនេះ ដែលនឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកែប្រែអាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅតំបន់សាលារៀន ឱ្យមានភាពល្អប្រសើរឡើង ហើយគម្រោងនេះនឹងមាននិរន្តរភាព និងការអភិវឌ្ឍទៅមុខជាបន្ត បន្ទាប់ពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះហើយ។
អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការយល់ដឹងពី បរិយាកាសសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយអនុស្សរណៈនៃការយោគយល់នេះមានសុពល ភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៧។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា ក្នុងឆមាស ទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ បានថយ ចុះ៥៦២លើក ស្មើចំនួន២៦ភាគរយ(១៦០៩/២១៧១លើក) ចំនួនអ្នកស្លាប់បានថយចុះ៩១នាក់ ស្មើ៩ភាគរយ (៩៤២/១០៣៣នាក់) និងចំនួនអ្នករបួសបានថយចុះ ៩៩២ នាក់ ស្មើ នឹង៣១ភាគរយ(២២៣៥/ ៣២២៧ នាក់) ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ជាអំឡុងពេលដែលមិនទាន់មានជំងឺកូវីដ១៩។
ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ចំនួន ៣៤៨ លើកស្មើ២៨ភាគរយ អ្នកស្លាប់កើនចំនួន២៣៣នាក់ ស្មើ៣៣ភាគរយនិងអ្នករងរបួសកើនចំនួន៤៣៣នាក់ ស្មើ ២៥ភាគរយ។
ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូសរុបចំនួន៧៥៩នាក់ (៨១% នៃចំនួន អ្នកស្លាប់សរុប) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៥៥៨នាក់ ស្មើ៧៤ភាគរយដែលភាគច្រើនមិនពាក់ មួកសុវត្ថិភាពនៅពេលយប់។ គ្រោះថ្នាក់ពេលយប់សរុបចំនួន ៥៧ភាគរយបណ្តាលឱ្យស្លាប់ចំនួន៥៨ភាគរយ និងរងរបួសចំនួន៥៤ភាគរ។ នេះបើតាម គ.ស.ច.គ៕ ដោយ៖ យុទ្ធ វីរះ