រដ្ឋាភិបាលឡាវបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់តំបន់រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
ឡាវ៖ ក្រុមមន្រ្តី និងយោធាឡាវកាលពីសប្តាហ៍មុននេះ បានប្រើប្រាស់យន្តហោះ និងរថយន្តដឹកទំនិញនៃកងទ័ពប្រជាជនឡាវ នំាយកជំនួយសង្គ្រោះបន្ទាន់ ក្នុងនោះរួមមានទឹកបរិភោគ ម្ហូបអាហារ ទូក តង់ និងសម្ភារៈចំាបាច់មួយចំនួនទៀតទៅកាន់ខេត្តចំនួន៦នៅភាគខាងត្បូង ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ ។
ព្យុះត្រូពិក ប៉ូឌុល និងប្រព័ន្ធអាកាសធាតុដទៃទៀតដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូង និងកណ្តាលប្រទេសឡាវ ចាប់តំាងពីចុងខែសីហាមកនេះ បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លំាង បង្កជាគ្រោះទឹកជំនន់ជនលិចលង់បណ្តាខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសឡាវ មានដូចជាខេត្ត ខាមម៊ូអាន, សាវ៉ាន់ណាក់ខេត, អាត់តាពើ, សាលាវ៉ាន់, ចំប៉ាសាក់, និងសេកុង នេះបើតាមសារព័ត៌មានឡាវ ដេលី វៀងច័ន្ទ ថាម នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។
អគ្គនាយកនៃនាយកដ្ឋានសុខមាលភាពសង្គម ក្រោមក្រសួងការងារ និងសុខមាលភាពសង្គមឡាវ លោក វីឡេផុង ស៊ីស៊ុមវ៉ាង បាននិយាយថា ខ្លួនកំពុងធ្វើការ ងារជាមួយកងទ័ពប្រជាជនឡាវ ដើម្បីនំាយកជំនួយសង្គ្រោះបន្ទាន់ទៅកាន់ខេត្ត សាលាវ៉ាន់ មានចម្ងាយប្រមាណ៦៧០គ.ម ភាគអាគ្នេយ៍រដ្ឋធានីវៀងច័ន្ទ ខេត្តចំប៉ាសាក់ មានចម្ងាយ៤៨៤គ.ម ភាគខាងត្បូងរដ្ឋធានីវៀងច័ន្ទ និងខេត្តសាវ៉ាន់ណាក់ខេត មានចម្ងាយ៤១០គ.ម ភាគខាងកើតរដ្ឋធានីវៀងច័ន្ទ ។ ដោយប្រើប្រាស់យន្តហោះចំនួន២គ្រឿង និងរថយន្តដឹកទំនិញជាច្រើនគ្រឿងទៀត ដើម្បីនំាយកទូកសង្គ្រោះចំនួន៣៥ តង់ចំនួន១៣០ និងកញ្ចប់ជំនួយ២ពាន់ ៕ធ.ដ




