រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិន ជួបពិភាក្សាគ្នាផ្លូវការនៅខេត្តសៀមរាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រភពពីអ្នកទទួលខុសត្រូវផ្នែកសារព័ត៌មាននៃក្រសួងការពារជាតិអាមេរិក Pat Ryder ឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd J. Austin III បានជួបប្រជុំគ្នាជាផ្លូវការជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ Wei Fenghe នៃសាធារណរដ្ឋប្រជាមានិតចិន (PRC)នៅថ្ងៃទី ២២ ខែវិច្ឆិកាក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ប្រភពពីមន្ទីរបញ្ចកោណអាមេរិកឱ្យដឹងទៀតថាលោក Austin និងឧត្តមសេនីយ Wei បានពិភាក្សាគ្នាអំពីទំនាក់ទំនងការពារជាតិអាមេរិក ចិន និងបញ្ហាសន្តិសុខក្នុងតំបន់និងពិភពលោក។ ប្រភពដដែលបន្តថា លោករដ្ឋមន្ត្រី Austin បានសង្កត់ធ្ងន់លើតម្រូវការក្នុងការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងបើកចំហ។ភាគីអាមេរិក បានពិភាក្សាអំពីសារៈសំខាន់នៃកិច្ចសន្ទនាសំខាន់ៗស្តីពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត ការកែលម្អទំនាក់ទំនង និងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ។

អាមេរិកបានលើកឡើងពីការព្រួយបារម្ភលើទង្វើរបស់ចិនដែលបង្ហាញដោយយន្តហោះចម្បាំងចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ធ្វើនាវាចរ និងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។ភាគីទាំងពីរបានពិភាក្សាអំពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន និង របៀបដែលទាំងសហរដ្ឋអាមេរិក និងចិន អាចចូលរួមប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។

លេខាធិការ Austin ក៏បានសម្តែងការព្រួយបារម្ភអំពីការបង្កហេតុនាពេលថ្មីៗនេះពីកូរ៉េខាងជើង និងបានអំពាវនាវឱ្យចិន អនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានស្រាប់ទាក់ទងនឹងកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង។

ទោះជាយ៉ាងណាក្ដី អ្នកសារព័ត៌មានមិនទាន់អាចរកមានព័ត៌មានពីភាគីចិននៅឡើយទេគិតត្រឹមម៉ោង១៨ល្ងាចថ្ងៃទី២២ខែវិច្ឆឆ្នាំ២០២២នេះ។

ប្រភពពីក្រសួងការពារជាតិអាមេរិកបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយដ៏យូរអង្វែង ប៉ុន្តែក៏នៅរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner