គណៈកម្មាធិការជាតិ អេស្កាប់កម្ពុជារៀបចំសិក្ខាសាលាជាមួយប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់
ភ្នំពេញ៖ សិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការពង្រឹងសមត្ថភាពផលិតភាព និងការសម្រួលបរិវត្តកម្មរចនាសម្ព័ន្ធរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ នាទីក្រុងភ្នំពេញ ដែលត្រូវបានសហការរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN ESCAP) សន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងគណៈកម្មាធិការជាតិអេស្កាប់នៃ រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអេស្កាប់កម្ពុជានៅថ្ងៃទី២៣ ខែវិច្ឆិកា បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងឆ្លើយទៅនឹងការកើនឡើងនៃតម្រូវការរបស់ប្រទេសមានការអភិវឌ្ឍន៍តិចតួចក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។
សេចក្តីប្រកាសបន្តថា គោលបំណងសំខាន់មួយទៀតគឺ កសាងសមត្ថភាពផលិតដើម្បីធានាថាខ្លួនអាចធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព អាចចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយបន្តរក្សាសន្ទុះកំណើន និងអាចចូលរួមក្នុងដំណើរការសេដ្ឋកិច្ចសាកល ក្នុងនាមជាដៃគូឋិតថេរក្នុងផ្នែកដែលមានតម្លៃបន្ថែមខ្ពស់។
សិក្ខាសាលាថ្នាក់តំបន់ដែលប្រព្រឹត្តិឡើង ពីថ្ងៃទី២៣ដល់២៤ ខែវច្ឆិកានេះ មានសមាសភាពចូលរួមពីគណៈប្រតិភូមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក រួមមាន ប្រទេសបង់ក្លាដែស ប៊ូតាន ឡាវ នេប៉ាល់ ទីម័រឡេស្តេ និងរួមទាំងកម្ពុជាផងដែរ។
នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៃរាជរដ្ឋាភិបាលកម្ពុជា បានចែករំលែកទស្សនៈផ្ទាល់ខ្លួនពីកត្តាដែលចូលរួមដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា កម្ពុជា គឺជាករណីជាក់ស្តែងមួយដែលបង្ហាញថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចាំបាច់សម្រាប់ការកសាងមូលដ្ឋានសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។
បន្ទាប់ពីទទួលបានសន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ និងមុនការរីករាលដាលនៃជំងឺកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាទីកត់សម្គាល់ ដោយបានងាកចេញពីវិស័យកសិកម្ម ដោយសារការរីកលូតលាស់នៃវិស័យឧស្សាហកម្ម ពោលគឺការនាំចេញសម្លៀកបំពាក់ និងការរីកលូតលាស់នៃវិស័យសេវាកម្ម ដោយការរីកចម្រើននៃវិស័យទេសចរណ៍។
កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧ភាគរយក្នុងមួយឆ្នាំ ក្នុងចន្លោះឆ្នាំ ១៩៩៨ និង២០១៩ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍលឿនបំផុតក្នុងពិភពលោក។ អត្រាភាពក្រីក្រនៅកម្ពុជាបានបន្តធ្លាក់ចុះពី ៥៣ភាគរយក្នុងឆ្នាំ២០០៤មកត្រឹម១៧,៨ភាគរយ ក្នុងឆ្នាំ ២០១៩។
ទាក់ទងនឹងចំនុចនេះ ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ៖ «ភាពរុងរឿងរបស់កម្ពុជា ដែលរួមមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលយើងកំពុងមាននាពេលបច្ចុប្បន្ន មិនមែនបានមកដោយចៃដន្យនោះទេ តែវាជាលទ្ធផលនៃគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងលើកកម្ពស់បរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ»។
ប្រទេសកម្ពុជាបានទទួលសន្តិភាព និងការផ្សះផ្សាជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ ១៩៩៨ ហើយសង្រ្គាមដែលអូសបន្លាយជាង ៣០ ឆ្នាំបានបញ្ចប់នៅពេលដែលខ្មែរក្រហមបានបាក់បែក និងចូលរួមជាមួយរដ្ឋាភិបាលស្របច្បាប់។
ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានកំណើនអវិជ្ជមាន ក៏ប៉ុន្តែវាបានចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗក្នុងឆ្នាំ ២០២១ និង២០២២។ ការចាកចេញពីឋានៈប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបរបស់កម្ពុជាក្នុងឆ្នាំ២០១៥ ក៏ជាសញ្ញាមួយបង្ហាញថា កម្ពុជានឹងអាចសម្រេចបានឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។ នេះបើតាមឯកឧត្តម លី ធុជ បញ្ជាក់បន្ថែម។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអេស្កាប់កម្ពុជា បានលើកឡើងថា កម្ពុជាបានបង្កើតក្របខណ្ឌគោលនយោបាយជាតិដើម្បីជំរុញសមត្ថភាពផលិតភាពរបស់ខ្លួន ប៉ុន្តែវានៅទាមទារឱ្យមានការគាំទ្រពីអន្តរជាតិដើម្បីទទួលបានជោគជ័យក្នុងការអនុវត្ត។
នៅដើមខែវិច្ឆិកាកន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាផ្លូវការនូវក្របខ័ណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ ដែលក្របខ័ណ្ឌនេះមានគោលបំណងជំរុញឱ្យមានសេដ្ឋកិច្ចដែលមានសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ទាក់ទាញអ្នកវិនិយោគ បង្កើនសមត្ថភាពធនធានមនុស្សនិងផលិតភាពរបស់ពលកម្ម ជំរុញនវានុវត្តន៍ បង្កើនប្រសិទ្ធភាពប្រព័ន្ធរចនាសម្ព័ន្ធ ដើម្បីគាំទ្រ និងធ្វើឱ្យសើរឡើងនូវសេដ្ឋកិច្ចជាតិដែលប្រកបដោយប្រសទ្ធភាព។
ប្រភពដដែលថា ក្របខ័ណ្ឌគោលនយោបាយនេះ បានកំណត់ចក្ខុវិស័យកសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរ សំដៅពង្រឹងសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពសង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន និងត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៤ឆ្នាំខាងមុខ។
ឯកឧត្តម លី ធុជ បានបញ្ជាក់ដែរថា ៖ «ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាត្រូវការការចូលរួម និងគាំទ្រពីដៃគូអន្តរជាតិគ្រប់ទិសទី ហើយសមិទ្ធិផលជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក បានបង្ហាញឱ្យឃើញថាការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពិតជានាំមកនូវភាពជោគជ័យ»។
លោកថា ហេតុនេះ ឆ្ពោះទៅមុខបន្តទៀត វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបានគោលដៅកំណត់ដោយរាជរដ្ឋាភិបាល៕
ដោយ៖នាង សុគន្ធា

